(ស៊ីដនី)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ បានវាយប្រហារនៅចំងាយ ៩៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង មែនឌី (Mendi) ស្ថិតនៅភាគខាងត្បូង តំបន់ ហៃឡេនស៍ (Highlands) របស់ប្រទេសដែនកោះ ប៉ាពួញូហ្គីណេ (Papua New Guinea)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីនេះមានកំរិត ៧.៥រ៉ិច និងមានជម្រៅរញ្ជួយ ៣៥គីឡូម៉ែត្រ ទៅក្នុងដី។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ ហើយក៏មិនមានការប្រកាសសញ្ញាអាសន្ន ពីរលកយក្សស៊ូណាមិដែរ។
គួរបញ្ជាក់ថា ទីក្រុង Mendi មានប្រជាជនរស់នៅប្រមាណជា ៥០,០០០នាក់។ Papua New Guinea ជារឿយៗតែង តែជួបប្រទះគ្រោះរញ្ជួយដី ដោយសារមានស្ថានដីស្ថិតនៅតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលងាយនឹងរងឥទ្ធិពលដោយរញ្ជួដី បន្ទុះភ្នំភ្លើង និងព្យុះសង្ឃរាផងដែរ៕