(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអះអាងឡើងវិញថា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួបសន្ទនាជាមួយកូរ៉េខាងជើង ប៉ុន្តែទន្ទឹមគ្នាទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជាក់ដែរថា កិច្ចសន្ទនានោះ អាចធ្វើទៅបានលុះត្រាតែមានការលុបបំបាត់អាវុធ នុយក្លរអ៊ែរជាគោលបំណងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងមានបំណងជួបចរចា ជាមួយសហរដ្ឋអាមេរិក នៅអំឡុងនៃការបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃ របស់ក្រុមប្រតិភូកូរ៉េខាងជើង មកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីថ្ងៃអាទិត្យ។
«យើងនឹងមើលឃើញ បើសិនជាសាររបស់ទីក្រុងព្យុងយ៉ាង... ថាពួកគេបំណងចង់ជួបចរចា ប៉ុន្តែជំហានដំបូង ពួកគេត្រូវទទួលយកកិច្ចចរចាស្ដីពីការ លុបបំបាត់អាវុធនុយក្លេអ៊ែរជាមុនសិន»។ នេះបើតាមការលើកឡើងរបស់ក្រុមមន្ត្រីអាមេរិក។
គួរបញ្ជាក់ថា ការមកដល់របស់ក្រុមប្រតិភូកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ធ្វើឡើងនៅចំពេលកូនស្រីប្រធានាធិបតីអាមេរិក គឺលោកស្រី អ៊ីវ៉ាន់កា ត្រាំ (Ivanka Trump) កំពុងដឹកនាំប្រតិភូអាមេរិកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ក៏ប៉ុន្តែ បើតាមក្រុមមន្ត្រីអាមេរិក លោកស្រីគ្មានគំរោងជួបពិភាក្សាការងារជាមួយប្រតិភូកូរ៉េខាងជើងនោះទេ៕