(ប៉េកាំង)៖ គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ដចិន បានស្នើឱ្យលុបចោលនូវការកំណត់អាណត្តិប្រធានាធិបតី ហើយមិនតែប៉ុណ្ណោះ ពួកគេក៏បានស្នើផងដែរ ឱ្យបញ្ចូលគំនិតសង្គមនិយមមានលក្ខណៈចិនសម្រាប់សម័យថ្មី ទៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ការស្នើឡើងនេះធ្វើឡើង នៅមុនពេលគណបក្សកុម្មុយនីស្ដ នឹងបើកសម័យប្រជុំពេញអង្គលើកទី ៣ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ក្នុងទីក្រុងប៉េកាំង។ ចំណែកឯប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងដឹកនាំកិច្ចប្រជុំនេះ ខណៈក្រុមអ្នកជំនាញមើលឃើញថា លោក ស៊ី នឹងពង្រឹងអំណាចរបស់លោកកាន់តែខ្លាំង តាមរយៈការស្នើឱ្យមានការលុបចោល ការកំណត់អាណត្តិប្រធានាធិបតីចិន ដែលពីមុនចែងថា អាចកាន់បានពីរអណត្តិជាប់គ្នា (មួយអាណត្តិ ០៥ឆ្នាំ)។
គួររំលឹកថា ចាប់តាំងបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០១២មក លោក ស៊ី ជិនពីង បានពង្រឹងអំណាចរបស់ខ្លួន យ៉ាងខ្លាំងនៅក្នុងគណបក្សកុម្មុយនីស្ដចិន ដោយលោកបានដាក់ចេញនូវយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយ ដែលបានធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាព និងឥទ្ធិពល។ ក៏ប៉ុន្តែទន្ទឹមគ្នា បើតាមក្រុមអ្នកជំនាញ ការស្នើឱ្យលុបចោល ការកំណត់អាណត្តិប្រធានាធិបតី និងអនុប្រធានាធិបតី អាចនឹងបើកផ្លូវឱ្យលោកស៊ីបន្តកាន់អំណាចរហូតដល់លើស ឆ្នាំ២០២៣៕