(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ជាបន្ទាន់នូវទង្វើដែលលោកហៅជា «សកម្មភាពអាណាគម» ដើម្បីទុកឱកាសឱ្យរដ្ឋាភិបាលស៊ីរី ស្ដារឡើងវិញនូវសន្តិភាព នៅលើទឹកដីត្រូវបានរំដោះពីពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Vassily Nebenzia ថ្លែងបែបនេះ នៅអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ អគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានលើកឡើងដូច្នេះថា៖ «យើងទទូចឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការ ប្រកាន់ភ្ជាប់ឥរិយាបថអាណានិគម របស់ក្រុមមនុស្សដែលហៅខ្លួនថាក្រុមចំរុះ...ដើម្បីទុកលទ្ធភាពឱ្យ រដ្ឋាភិបាលស៊ីរី ស្ដារឡើងវិញនូវសនិ្តភាព និងជីវភាពដូចពេលមុន នៅលើទឹកដីត្រូវបានរំដោះពីក្រុមភេរវករ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយមួយ ដោយស្នើឱ្យមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ នៅក្នុងប្រទេសស៊ីរី ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយខណៈចំនួន អ្នកស្លាប់នៅក្នុងតំបន់ហ្គួតា (Ghouta) ដោយសារតែការវាយប្រហារតាមផ្លូវអាកាស បានកើនដល់ជាង៥០០នាក់។ ប៉ុន្តែ បទឈប់បាញ់ខាងលើមិនត្រូវបានអនុវត្តលើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS, អាល់កៃដា ឬក៏ក្រុម រណសិរ្ស Al-Nusra នោះទេ៕