(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានស្នើឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគីលើក្រុមហ៊ុន និងជនជាតិចិន ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ រាល់ការដាក់ទណ្ឌកម្មឯកតោភាគី ដើម្បីបញ្ជៀសការបំផ្លាញដល់កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់។ ចំណែកឯរដ្ឋាភិបាលចិននៅតែប្រកាន់ជំហរយ៉ាងមុតមាំ ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំងអនុវត្តយ៉ាងពេញលេញផងដែរ កតាព្វកិច្ច អន្តរជាតិ ហើយមិនតែប៉ុណ្ណោះ ចិនមិនដែលអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន ឬក្រុមហ៊ុនចិន ចូលរួមក្នុងសកម្មភាពរំលោភ លើដំណោះស្រាយទណ្ឌកម្មអង្គការសហប្រជាជាតិជាដាច់ខាត»

គួរបញ្ជាក់ថា ទណ្ឌកម្ម​ដែលលោក ​ដូណាល់ ត្រាំ អះអាងថា​ ធ្ងន់ធ្ងរបំផុតមិនធ្លាប់​មាននេះគឺជាការ​កំណត់គោលដៅរឹតត្បិតទៅនាវា​ដឹកទំនិញ, ក្រុមហ៊ុនដឹក​ជញ្ជូនតាមនាវា និងក្រុមហ៊ុន​​ឯទៀតៗ សរុប​ចំនួន៥៦គ្រឿង-ក្រុមហ៊ុន ដែលមន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​រកឃើញថា ត្រូវបានប្រើប្រាស់​ដោយប្រទេស​កូរ៉េខាងជើង ដើម្បីបន្តធ្វើ​ជំនួញសម្ងាត់ គេចពីទណ្ឌកម្ម​​របស់អង្គការ​សហប្រជាជាតិ ដែលត្រូវបាន​ដាក់ចេញ​នាពេលកន្លងមក៕