Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយ ដើម្បីចូលរួមពិធីបិទកីឡាអូឡាំពិករដូវរងា

25-02-2018 12:39

(សេអ៊ូល)៖ ក្រុមប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដឹកនាំដោយមន្ត្រីកំពូលកូរ៉េខាងជើងម្នាក់ ដែលត្រូវគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង កាលពីឆ្នាំ២០១០ បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង ហើយនៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Kim Yong-chol ជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានធ្វើដំណើរមកដល់ប៉ុស្ដិ៍ត្រួតពិនិត្យក្នុងទីក្រុង Paju ស្ថិតនៅភាគខាងត្បូង នៃព្រំដែនអន្តរកូរ៉េ តាមផ្លូវគោកនៅម៉ោង ៩៖៥៣នាទីព្រឹក (ម៉ោងនៅក្នុងតំបន់ ដើម្បីដឹកនាំប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង មកទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកូរ៉េខាងត្បូង ក៏ដូចជា ដើម្បីចូលរួមពិធី បិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ពុំទាន់មានសេចក្ដីរាយ ការណ៍ថា តើក្រុមប្រតិភូកូរ៉េខាងជើង នឹងត្រូវជួបពិភាក្សាការងារជាមួយ ក្រុមប្រតិភូអាមេរិកដឹកនាំកូនស្រី ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី Ivanka Trump ឬយ៉ាងណានៅឡើយនោះទេ។

សូមជំរាបថា លោក Kim Yong-chol មានអាយុ៧២ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងកាលពីឆ្នាំ២០១០ ដែលបណ្ដាលឱ្យមនុស្ស៤៦នាក់ បាត់បង់ជីវិត។ ដូច្នេះហើយ ទើបក្រុមតំណាងរាស្ត្រអភិរក្សនិយមកូរ៉េខាងត្បូងមួយចំនួន និងក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាតវ៉ាប្រឆាំងនឹងដំណើរ ទស្សនកិច្ចរបស់លោក រហូតដល់ស្នើឱ្យមានកាត់ទោសប្រហារជីវិតផងដែរ៕