(អេហ្ស៊ីប)៖ ទីបំផុតកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង រវាងប្រទេសបារាំង និងអេហ្ស៊ីបត្រូវបានជាប់គាំងហើយ ដោយសារតែសហរដ្ឋអាមេរិកមិនព្រមលក់ គ្រាប់មីស៊ីល Scalp ដ៏ទំនើបដែលត្រូវបំពាក់លើយន្តហោះចម្បាំងប្រភេទនោះ ព្រោះខ្លាចក្រែងត្រូវបែកធ្លាយបច្ចេកវិទ្យាផលិតវា ទៅកាន់សត្រូវដែលចង់លួចប្លន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក អាឡិចហ្សាន់ដឺ វ៉ូត្រាវើស (Alexandre Vautravers) មន្ត្រីមួយរូប មកពីមជ្ឈមណ្ឌលនយោបាយសន្តិសុខ ទីក្រុងហ្ស៊ឺណែវ (GCSP) បានបញ្ជាក់ជុំវិញបញ្ហានេះថា «វាអាចជារឿងល្អ ប្រសិនបើឧស្សាហកម្មផលិតយន្តហោះចម្បាំងបារាំង អាចផលិតផលិតផលសម្រេច ចេញមកទាំងស្រុងដោយខ្លួនឯង ប៉ុន្តែវាត្រូវតែគិតគូរផងដែរ ចំពោះតម្លៃនៃការអភិវឌ្ឍបច្ចេកវិទ្យាបំពាក់បន្ថែម ដូចជាគ្រាប់មីស៊ីល Scalp ជាដើម។ តើវានឹងទៅជាដូចម្តេច ប្រសិនបើគ្មានប្រទេសណាមានលទ្ធភាពអាចបញ្ជាទិញ ប្រភេទមីស៊ីលទាំងនោះបាន»។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានចង់បង្កើតកិច្ចព្រមព្រៀងមួយ ក្នុងការទិញយន្តហោះចម្បាំងប្រភេទ Rafale របស់ប្រទេសបារាំង ចំនួនរហូតដល់ទៅ ១២គ្រឿង ដោយវាអាចបំពាក់គ្រាប់មីស៊ីល ដ៏មានឥទ្ធិពលប្រភេទ Scalp ហើយសម្រាប់មីស៊ីលនេះ គឺបារាំងតែងតែនាំចូលពីអាមេរិកជានិច្ច នៅពេលខ្លួនត្រូវលក់យន្តហោះផលិតដោយខ្លួនឯង ទៅកាន់បណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តនោះ។
ជាក់ស្តែងស្ថានការណ៍នៅអេហ្ស៊ីប នៅតែជាបញ្ហាព្រួយបារម្ភខ្លាំងសម្រាប់អាមេរិក ទើបបានជាទីក្រុងវ៉ាស៊ីនតមិនព្រមលក់ Scalp ឲ្យទៅបារាំង ដើម្បីបារាំងលក់បន្តឲ្យអេហ្ស៊ីប ដោយសារតែខ្លាចមានការបាត់បង់ នាំឲ្យបែកធ្លាយបច្ចេកវិទ្យាផលិតទៅកាន់សត្រូវ។ ដូច្នេះមានន័យថា កិច្ចព្រមព្រៀងរវាងបារាំង និងអេហ្ស៊ីបត្រូវជាប់គាំង៕