(អាមេរិក)៖ គំរោងបើកសម្ពោធស្ថានទូតថ្មី របស់សហរដ្ឋអាមេរិក ដែលប្តូរពីតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមវិញនោះ ពិតណាស់ថា នឹងបង្កព្យុះភ្លៀងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដូចជាការប្រឆាំងកាន់តែខ្លាំង ពីក្រុមជនជាតិប៉ាឡេស្ទីន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
នាថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា នឹងបើកដំណើរការស្ថានទូតថ្មីរបស់ខ្លួន នៅទីក្រុងហ្សេរុយសាឡឹម ខាងទឹកដីអ៊ីស្រាអែលនៅខែឧសភា ឆ្នាំនេះ ដើម្បីជាការទទួលស្គាល់ទីក្រុងនេះជារដ្ឋធានីផ្លូវការរបស់ប្រទេសអ៊ីស្រាអែលតែម្តង ជាការជម្នះនឹងការតវ៉ាពីប៉ាឡេស្ទីន និងបណ្តាប្រទេសជាច្រើនទៀត រួមទាំងសម្ព័ន្ធមិត្តធំៗរបស់អាមេរិក ដែលមិនចង់ឃើញបញ្ហាធំផ្ទុះឡើង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានបញ្ជាក់ក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃសុក្រ យ៉ាងដូច្នេះថា «យើងពិតជារំភើបខ្លាំងណាស់ ចំពោះការបោះជំហាន ជាលក្ខណៈប្រវត្តិសាស្ត្រនេះ និងបន្តសំឡឹងមើលទៅមុខជាមួយ គោលដៅបើកដំណើរការស្ថានទូតថ្មី នៅក្នុងខែឧសភា ឆ្នាំ២០១៨»។
គួរបញ្ជាក់ថា ការសម្រេចរបស់អាមេរិកខាងលើនេះ គឺជាការធ្វើឡើងដើម្បីអបអរដល់ខួបទី ៧០ឆ្នាំ នៃការបង្កើតរដ្ឋឡើងវិញរបស់អ៊ីស្រាអែល ខណៈដែលទីក្រុងហ្សេរុយសាឡឹមនោះ មិនមានបណ្តាប្រទេសណាផ្សេង បានទទួលស្គាល់ជារដ្ឋធានីស្របច្បាប់នោះឡើយ ព្រោះវាជាដែនដីកំពុងស្ថិតនៅក្នុងជម្លោះ ជាមួយប៉ាឡេស្ទីននៅឡើយ សូម្បីតែសហភាពអឺរ៉ុបក៏គ្មានការយល់ស្របនោះដែរ ដោយទុកឲ្យអាមេរិកដើរផ្លូវនេះតែឯង នោះគឺការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល៕