(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន បានបញ្ចេញចំណាត់ការថ្មីរបស់ខ្លួន ដែលត្រូវបានអះអាងថា ជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសកូរ៉េខាងជើង ដើម្បីជាការឆ្លើយតបនឹងមហិច្ឆតានុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលផ្លោងមិនព្រមបន្ធូរដៃ ពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ការដាក់ទណ្ឌកម្មលើផ្នែកហិរញ្ញវត្ថុ បន្ថែមលើទណ្ឌកម្មពីមុនៗដែលបានដាក់រួចទៅហើយនោះ ត្រូវបានប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន រវាងលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcom Turnbull) ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ។
ប្រធានាធិបតីអាមេរិក លោក ត្រាំ បានបញ្ជាក់ច្បាស់ៗប្រាប់អ្នកសារព័ត៌មានទាំងឡាយនាឱកាសនោះថា «នៅថ្ងៃនេះ យើងសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើកូរ៉េ (កូរ៉េខាងជើង) ដែលយើងមិនធ្លាប់បានដាក់ទៅលើប្រទេសណាឡើយ។ យើងត្រូវតែបន្តការងារទៅមុខទៀតជាមួយគ្នា ដើម្បីការពារកុំឲ្យរបបផ្តាច់ការមួយនោះ គំរាមកំហែងពិភពលោក តាមរយៈការបំផ្លិចផ្លាញដោយអាវុធនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ទណ្ឌកម្មដែលលោក ត្រាំ អះអាងថា ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននេះ គឺជាការកំណត់គោលដៅរឹតត្បិតទៅ នាវាដឹកទំនិញ, ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា និងក្រុមហ៊ុនឯទៀតៗ សរុបចំនួន ៥៦គ្រឿង-ក្រុមហ៊ុន ដែលមន្ត្រីរដ្ឋាភិបាលអាមេរិកបានរកឃើញថា ត្រូវបានប្រើប្រាស់ដោយប្រទេសកូរ៉េខាងជើង ដើម្បីបន្តធ្វើជំនួញសម្ងាត់ គេចពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ចេញនាពេលកន្លងមក៕