(ស៊ីរី)៖ មនុស្សយ៉ាងហោចណាស់ ៤០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើតប្រទេសស៊ីរី ដោយសារតែការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះចម្បាំងស៊ីរី គាំទ្រដោយរុស្ស៊ី ដើម្បីកម្ទេចមូលដ្ឋានរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់។ នេះបើតាមសារព័ត៌មាន Aljazeera ដកស្រង់របាយការណ៍ពីក្រុមអង្កេតសិទ្ធិមនុស្សនៅស៊ីរី (SOHR) នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
SOHR បានបន្តទៀតថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សក្មេងចាស់ប្រុសស្រីសរុបរហូតដល់ទៅ ៤០៣នាក់ ត្រូវបានសម្លាប់នៅក្នុង «ការវាយប្រហារដ៏សង្គ្រប់» ដោយយន្តហោះចម្បាំងស៊ីរី គាំទ្រដោយមូលដ្ឋានទ័ពអាកាសរុស្ស៊ី ដែលបានចាប់ផ្តើមឡើង តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុនមកម្ល៉េះ ហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះ គឺក្នុងចំណោមមនុស្សស្លាប់ទាំងអស់ មានសរុប ១៥០នាក់ គឺជាកុមារតូចៗ។
គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ច្រើនសន្ធឹកសន្ធាប់បែបនេះ មនុស្សប្រមាណ ២,១២០នាក់ទៀត ក៏បានរងរបួសផងដែរ។ ជុំវិញបញ្ហានេះ លោក ស្តាហ្វាន ឌែ មីស្ទួរ៉ា (Staffan de Mistura) ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) ប្រចាំនៅស៊ីរី បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីរង់ចាំដល់មានសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខ UNSC បញ្ចប់ជាមួយនឹងដំណោះស្រាយថ្មីមួយ៕