BREAKING NEWS: ទីបំផុតអតីតជំនួយការ លោក ដូណាល់ ត្រាំ ព្រមសារភាពចំពោះ «ទង្វើក្បត់ជាតិ» ដែលបានលួចរួមគំនិតជាមួយបរទេស និងទង្វើគេចពន្ធ!
24-02-2018 10:02
(វ៉ាស៊ីនតោន)៖ អតីតជំនួយការក្នុងយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ គឺលោក Rick Gates បានសារភាពកំហុសចំពោះការចោទប្រកាន់នានាថា លោកបានរួមគំនិតក្នុងការចេញសេចក្តីថ្លែងការណ៍ក្លែងក្លាយ ទៅកាន់ក្រុមស៊ើបអង្កេតពិសេស ដឹកនាំដោយលោក រ៉ូប៊ឺត មួល្លឺ (Robert Mueller) ជុំវិញរឿងក្តីរុស្ស៊ីលូកលាន់ការបោះឆ្នោត កាលពីឆ្នាំ២០១៦ និងការក្លែងបន្លំផ្នែកធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Gates វ័យ ៤៥ឆ្នាំ មកពីរដ្ឋ វឺជីនៀ (Virginia) បានចូលខ្លួនទៅស្រាយបំភ្លឺ នៅក្នុងតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន នៅរសៀលថ្ងៃសុក្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ហើយក៏បានសារព័ត៌ភាពកំហុស តាមការចោទប្រកាន់តែម្តង។ យោងតាមការបញ្ជាក់ពីតុលាការ លោក Gates បានសារភាពថា លោកពិតជាបានប្រព្រឹត្តទង្វើប្រឆាំងនឹងសហរដ្ឋអាមេរិក (ក្បត់ជាតិ) ហើយចេញសេចក្តីថ្លែងការណ៍ក្លែងក្លាយ ទៅកាន់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ថែមទៀត។
គួរបញ្ជាក់ថា ការសារភាពរបស់ លោក Gates បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហការីជំនួញរាប់ឆ្នាំរបស់លោក គឺលោក ផូល ម៉ាណាហ្វត (Paul Manafort) ត្រូវបានតុលាការរដ្ឋ Virginia ចោទប្រកាន់ពីបទគេចវេសពន្ធ និងលួចបន្លំគណនីធនាគារ។ លោក Manafort ជាអតីតប្រធានយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ រីឯលោក Gates មានតួនាទីត្រឹមជាជំនួយការប៉ុណ្ណោះ។
អតីតមន្ត្រីជំនិត ដូណាល់ ត្រាំ ទាំងពីរខាងលើនេះ ត្រូវបានចោទប្រកាន់ពីបទលាងលុយ ៣០លានដុល្លារ ដោយមិនបានបង់ពន្ធជូនរដ្ឋក្នុងរយៈពេល ១០ឆ្នាំ ហើយទាំងពីរនាក់នេះ ក៏បានជាប់ឈ្មោះក្នុងបញ្ជីស៊ើបអង្កេតរបស់ លោក Mueller ប្រធានក្រុមរដ្ឋអាជ្ញាពិសេស ដែលកំពុងស៊ើបអង្កេត ពាក់ព័ន្ធនឹងការលូកលាន់របស់រុស្ស៊ី ដែលត្រូវបានគេចោទប្រកាន់ថា បានជួយឲ្យលោក ត្រាំ ឈ្នះឆ្នោតកាលពីឆ្នាំ២០១៦ តាមរយៈការទម្លាយសារសម្ងាត់ បង្ខូចឈ្មោះគូប្រជែង គឺលោកស្រី ហ៊ីលឡារី គ្លីនតុន៕