(ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថា លោកនឹងមិនបញ្ជូនកងទ័ពហ្វីលីពីនឱ្យទៅ ចូលរួមក្នុងសង្រ្គាម ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ស្របពេលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល កំពុងជួបភាពតានតឹងជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកចាត់ទុកថា លោក ឌូតឺតេ ជាអ្នកគំរាមកំហែងលិទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ឌូតឺតេ ថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយ នៅឯខេត្ត អ៊ីឡយឡូ (Iloilo) កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីហ្វីលីពីនរូបនេះ ថែមទាំងបញ្ជាក់ត្រង់ៗទៀតថា លោកមិនចង់ឱ្យកងទ័ពហ្វីលីពីន ចូលរួមនៅក្នុងសង្រ្គាម ដែលមិនមានជាប់ពាក់ព័ន្ធនឹង ហ្វីលីពីននោះឡើយ។ លោក ឌូតើតេ បានលើកឡើងដូច្នេះថា «នៅពេលនេះ ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការបញ្ជូនកងទ័ពរបស់យើងទៀតនោះទេ ជាពិសេសគឺទៅចូលរួមសង្រ្គាម ដឹកនាំដោយសហរដ្ឋអាមេរិក ដែលមិនមែនពាក់ព័ន្ធអ្វីទាល់តែសោះ នឹងសនិ្តសុខប្រទេសរបស់យើង»។
គួររំលឹកថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលកំពុងជួបភាពតានតឹងជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយកាលពីសប្ដាហ៍មុន ដោយចាត់ទុកថា លោក ឌូតឺតេ ជាអ្នកគំរាមកំហែងលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕