(ស៊ីដនី)៖ ការសិក្សាថ្មីមួយបានបង្ហាញថា បណ្តុំផ្កាថ្ម-ថ្មប៉ប្រះទឹកជាច្រើននៅលើពិភពលោក អាចនឹងប្រឈមមុខនឹងការបំផ្លិចបំផ្លាញនៅ ប៉ុន្មានសតវត្សរ៍ខាងមុខនេះ ដោយសារតែកម្រិតអាស៊ីតសមុទ្រ ចេះតែបន្តកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមការសិក្សាស្រាវជា្រវ នៃសាកលវិទ្យាល័យ Australia's Southern Cross ជាមួយដៃគូរបស់ខ្លួននៅសហរដ្ឋអាមេរិក កម្រិតអាស៊ីតទឹកសមុទ្រ កំពុងបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដែលនេះអាចនឹងធ្វើផ្កាថ្ម និងប្រភេទសត្វសមុទ្រ មួយចំនួន ទំនងជាអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់នៅ ៣០ឆ្នាំខាងមុខ។
«ផ្កាថ្មនៅជុំវិញពិភពលោកនឹងត្រូវការបំផ្លិចបំផ្លាញ នៅពេលទឹកសមុទ្រឈានដល់ចំណុចទទួលរងទឹកអាស៊ីតខ្ពស់ ដែលទំនងជានឹងអាចកើតមានឡើង នៅមុនបញ្ចប់ សតវត្សរ៍នេះ... ហើយវាមិនទាន់រាប់បញ្ចូលផលប៉ះពាល់ បង្កឡើងដោយសកម្មភាពនេសាទ និងសកម្មភាពរបស់មនុស្សនោះទេ»។ នេះបើតាមការគូសបញ្ជាក់ពីក្រុមអ្នកសា្រវជ្រាវ មកពីសាកលវិទ្យាល័យ Australia's Southern Cross។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកស្រាវជា្រវដដែល ប្រជាជាតិទាំងអស់គួរតែរួបរួមគ្នាដោះស្រាយបញ្ហាបប្រែប្រួលអាកាសធាតុ ក៏ដូចជាទប់ស្កាត់ការកើនឡើង នៃឧស្ម័នកាបូនិច ដើម្បីកាត់បន្ថយការកើនឡើង នៃអាស៊ីតទឹកសមុទ្រ។
សម្រាប់ប្រទេសអូស្ត្រាលីវិញ ឧទ្យានធម្មជាតិដ៏ល្បីល្បាញបំផុត ដូចជា Great Barrie Reef គឺជាក្តីបារម្ភធំបំផុតមួយ សម្រាប់ប្រជាជាតិអូសេអានីមួយនេះ ដោយសារតែកើនឡើងកម្តៅនៃភពផែនដី និងការឡើងកម្រិតជាតិអាស៊ីតទឹកសមុទ្រ ពិតជានឹងបង្កផលប៉ះពាល់ មិនត្រឹមតែទៅលើផ្កាថ្មស្អាតៗនោះប៉ុណ្ណោះទេ ដោយឡែកជីវៈចំរុះនៅទីនោះ ក៏នឹងគេចមិនផុតដែរ៕