(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcom Turnbull) បាននិយាយថា ចិនមិនមែនជាការគំរាមកំហែង ចំពោះអូស្ត្រាលីនោះទេ ពីព្រោះទីក្រុងប៉េកាំងគ្មានបំណងបង្កភាពជាសត្រូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Malcom Turnbull ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Sky News កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចិនមិនមែនជាការគំរាមកំហែង សម្រាប់យើងនោះទេ ពីព្រោះប៉េកាំងគ្មានបំណងបង្កភាពជាសត្រូវ»។
ដោយឡែកជុំវិញការលើកឡើងនេះដែរ សារព័ត៌មានអង់គ្លេស The Guardian បានរាយការណ៍ថា លោក Turnbull កំពុងព្យាយាមបន្ធូរបន្ថយការមើលឃើញចិន ជាការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក តាមរយៈ ការទាត់ចោលគំនិតដែលថា មហាអំណាចទំាងពីរកំពុងប្រកួតប្រជែងគ្នា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Malcom Turnbull គឺមានសារៈសំខាន់បំផុត ស្របពេលសហរដ្ឋអាមេរិក និងអូស្ត្រាលីកំពុងមានភាពល្អក់កករបន្តិចបន្តួច ជុំវិញបញ្ហាជនអន្តោប្រវេសន៍ រួមទាំងបញ្ហានៅក្នុងតំបន់ជាច្រើនត្រូវដោះស្រាយ៕