(តូក្យូ)៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះអាវុធមួយ នៅឯទីស្នាក់ការសកម្មជនមួយក្រុម ដែលគាំទ្រកូរ៉េខាងជើង នៅក្នុងសង្កាត់ Chiyoda Ward កណ្ដាលទីក្រុងតូក្យូ។ នេះបើតាមសម្តីមន្ត្រីប៉ូលិសជប៉ុន ចុះផ្សាយបន្តដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមមន្ត្រីប៉ូលិសជប៉ុនដដែល បុរសពីរនាក់ត្រូវបានគេជឿជាក់ថា មកពីក្រុមស្ដាំនិយម បានសម្រុកចូលទីស្នាក់ការសមាគមប្រជា ជនកូរ៉េរស់នៅក្នុងប្រទេសជប៉ុន ឬគេស្គាល់ ចុងរីយ៉ុន (Chongryon) នៅមុនម៉ោង ០៤៖០០នាទីព្រឹក ហើយបានបើកការបាញ់ប្រហារជាច្រើនគ្រាប់តែម្តង។
គួរបញ្ជាក់ថា នៅពេលភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ អំពីជនរងគ្រោះនៅឡើយទេ ដោយគ្រាន់តែគេដឹងថា បុរសពីរនាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយប៉ូលិសប្រចាំនៅទីស្នាក់ការនៅក្បែរនោះតែម្តង៕