(ម៉ូស្គូ)៖ សហស្ថាបនិក នៃវិទ្យាសា្ថនគោលនយោបាយកូរ៉េ លោកស្រី គ្រីស្ទីន អាន (Christine Ahn) បានកត់សម្គាល់ថា បច្ចុប្បន្នដល់ពេលវេលាហើយដែលកូរ៉េទាំងពីរ ត្រូវតែបញ្ចប់ជាផ្លូវការសង្រ្គាមកូរ៉េ បន្ទាប់ពីមានបទឈប់បាញ់ អស់រយៈពេល ៦៥ឆ្នាំ មកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ចាប់តាំងពីសង្រ្គាមកូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ ឧបទ្វីបកូរ៉េនៅតែបន្តស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមជានិច្ច រហូតមកទៅសព្វថ្ងៃ ដ្បិតទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចុះហត្ថលេខាត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ មិនមែនជាសិទ្ធិសញ្ញាសន្តិភាពអ្វីនោះទេ។ ផ្អែកលើស្ថានភាពបែបនេះ ទើបទីក្រុងសេអ៊ូល បានសម្រេចចិត្តយកសហរដ្ឋអាមេរិកធ្វើ ជាឆ័ត្រនុយក្លេអ៊ែរ ដើម្បីការពារការវាយប្រហារជាយថាហេតុណាមួយ ពីកូរ៉េខាងជើង ហើយមិនតែប៉ុណ្ណោះសម្ព័ន្ធមិត្តទាំងពីរ តែតែងធ្វើសមយុទ្ធយោធារួមគ្នា បើទោះជាមានការព្រមាន ពីទីក្រុងព្យុងយ៉ាងក៏ដោយ។
ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោកស្រី Christine Ahn បានបង្ហាញការជំទាស់នឹង ការធ្វើសមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «យើងគួរតែជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធា ហើយស្ដាប់ប្រជាជនកូរ៉េទាំងពីរ ដែលចង់ឱ្យប្រជាជាតិកូរ៉េផ្សះផ្សា និងរួបរួមគ្នាឡើងវិញ»។ លោកស្រីបន្ថែមទៀតថា បច្ចុប្បន្ន គឺជាពេលដែលសហរដ្ឋអាមេរិកគួរតែដាក់សម្ពាធលើ កូរ៉េខាងត្បូងឱ្យបញ្ចប់ជាផ្លូវការនូវសង្រ្គាមកូរ៉េ មិនមែនសម្រាប់តែប្រជាជនកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីព្រលឹងនៃប្រជាជាតិមួយនេះ»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញជាច្រើន ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាចផ្ទុះឡើងសាជាថ្មី នៅក្រោយការបញ្ចប់ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូងនៅថ្ងៃទី២៥ ខែកុម្ភៈនេះ បើសិនជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំឡើងវិញ។ ម្យ៉ាងវិញទៀត ទីក្រុងព្យុងយ៉ាង ក៏បានព្រមានដែរថា បើសមយុទ្ធយោធានេះកើតឡើងពិតនោះ សហរដ្ឋអាមេរិក នឹងបានស្គាល់អ្វីថា មីស៊ីលកូរ៉េខាងជើង៕