(វ៉ាស៊ីនតោន)៖ វាមិនមែនជារឿងងាយឡើយ ដែលត្រូវច្នៃប្រឌិតសំលៀកបំពាក់ ពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់ក្រុមអវកាសយានិករបស់អង្គការ NASA ដើម្បីបំពេញបេសកកម្មនៅទីអវកាសដ៏លំបាក អាចស៊ូទ្រាំនឹងគ្រប់កាលៈទេសៈ និងធ្វើឲ្យអវកាសយានិកយើងមានផាសុខភាពនោះ។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មានអង់គ្លេស Mirror នារសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ពិតប្រាកដណាស់សម្រាប់អវកាសយានិក ដែលនឹងជិះនៅលើយានអវកាសថ្មី Orion ដែលនឹងបំពេញបេសកកម្មសាកល្បង ទៅកាន់ឋានព្រះច័ន្ទនោះ នឹងមិនលំបាកក្នុងការបន្ទោរបង់ទៀតនោះឡើយ ព្រោះថាសំលៀកបំពាក់របស់ពួកគេ មានបង្កប់នូវបង្គន់តូចមួយរួចជាស្រេច ដែលអាចធ្វើការសម្រួលកាកសំណល់ ចេញពីរាងកាយប្រកបដោយផាសុខភាព។
បច្ចុប្បន្នសំលៀកបំពាក់ខាងលើ កំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយ ដើម្បីឲ្យវាអាចប្រើប្រាស់បាន ប្រកបដោយប្រសិទ្ធភាព និងជាពិសេសនោះ គឺវាអាចផ្ទុកបានកាកសំណល់ជាមធ្យមនៅក្នុងរយៈពេលយូរ។ ជាក់ស្តែងឈុតសំលៀកបំពាក់ថ្មី នឹងអាចក្រុមអវកាសយានិកនីមួយៗ តស៊ូនឹងវាបានរយៈពេល ០៦ថ្ងៃ, អាចដកដង្ហើមបាន បូកជាមួយការទទួលទានអាហារ និងបន្ទោរបង់នៅក្នុងនោះមួយកំផ្លេតែម្តង។
ងាកមកកាន់យានអវកាស Orion វិញ គឺជាបន្ទប់នៃអវកាយានិកសរុប ០៤នាក់ ដែលពួកគេត្រូវមានសមត្ថភាពរស់នៅ និងសិក្សានៅក្នុងនោះរយៈពេលរាប់ខែ-ឆ្នាំ ហើយវាមានគោលដៅធំបំផុត នៅក្នុងការបញ្ជូនមនុស្សទៅភពអង្គារ នៅឆ្នាំ២០៣០ ជាពេលអង្គការ NASA បានកំណត់គោលដៅ នៃការនាំក្រុមមនុស្សដំបូង ទៅជាន់ភពអង្គារ ប៉ុន្តែក្រុមហ៊ុន SpaceX បានកំណត់គោលដៅមុននេះទៀតទៅហើយ។
គួរបញ្ជាក់ថា ដើម្បីអាចឲ្យវាធ្វើដំណើរទៅភពអង្គារបាន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ១០០% នោះ យានអវកាស Orion ត្រូវតែទទួលការធ្វើតេស្តយ៉ាងលំបាក នោះគឺការហោះហើរទៅកាន់គន្លងគោចរនៃឋានព្រះច័ន្ទ ដោយគ្មានអវកាសយានិក ដើម្បីឲ្យប្រាកដអំពីប្រសិទ្ធភាពនៃប្រព័ន្ធទំនាក់ទំនង និងសុវត្ថិភាពជារួម។ បន្ថែមពីនេះទៀត ឈុតសំលៀកបំពាក់អវកាសថ្មី ក៏នឹងក្លាយជាប្រយោជន៍ សម្រាប់គំរោងបញ្ជូនមនុស្ស ទៅជាន់ឋានព្រះច័ន្ទជាថ្មីនោះផងដែរ៕