(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន បានធ្វើការព្រលះប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដោយហៅថា «សសរស្តម្ភស្នូល» នៃរបបដឹកនាំកុម្មុយនិស្តកូរ៉េខាងជើង ដែលពោពេញដោយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការថ្លែងរបស់លោក ភែន ខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខប្រជាជនអាមេរិករាប់ពាន់នាក់ ដែលបានចូលរួមស្តាប់ការថ្លែងសុន្ទរៈកថារបស់លោក នៅឯជាយទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងវេទិកាពិភាក្សារឿងនយោបាយខាងលើនេះ លោក ភែន បានរៀបរាប់អំពីដំណើររបស់លោក ទៅកាន់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងព្យឿងចាង របស់ប្រទេសកូរ៉េខាងត្បូង។
លោក ភែន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្នកដឹងទេថា សារព័ត៌មានទាំងអស់ ដូចជាទោរទន់ទៅរកប្អូនស្រីមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ហើយខ្ញុំគិតថា វាជារឿងសំខាន់ដែលប្រជាជនអាមេរិកត្រូវដឹង ចំពោះមនុស្សនេះ និងអ្វីខ្លះដែលនាងបានធ្វើ។ ប្អូនស្រី លោក គីម ជុងអ៊ុន ម្នាក់នេះ គឺជាសសរស្តម្ភកណ្តាល នៃរបបដឹកនាំដែលឃោរឃៅ និងកៀបសង្កត់បំផុតនៅលើភពផែនដី»។
គួរបញ្ជាក់ថា កិច្ចប្រជុំសម្ងាត់រវាងកូរ៉េខាងជើង និងអាមេរិក ដែលត្រូវបានលុបចោលនៅនាទីចុងក្រោយ ក្រោយពីគ្រោងរៀបចំឡើងនៅកូរ៉េខាងត្បូងនោះ ត្រូវបានលោក ភែន ទម្លាយចេញ ដោយហាក់ទម្លាក់កំហុសទាំងស្រុងទៅលើកូរ៉េខាងជើង ប៉ុន្តែបើតាមការវិវឌ្ឍន៍ស្ថានការណ៍ជាបន្តបន្ទាប់ គឺការលុបចោលកិច្ចជំនួបសម្ងាត់នោះ គឺក្រោយពេលគណៈប្រតិភូកូរ៉េខាងជើង បានដឹងព័ត៌មានថា លោក ភែន បានធ្វើការរិះគន់របបដឹកនាំកូរ៉េខាងជើង នៅក្នុងដំណើរចូលរួមការបើកព្រឹត្តិការណ៍កីឡាអូឡាំពិក៕