(អូស្រ្តាលី)៖ លោក បាណាបាយ ហ្សយសេ (Barnaby Joyce) នៅថ្ងៃសុក្រនេះ បាននិយាយថា លោកនឹងលាលែងពីតំណែង ជាឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏ដូចជាប្រធានគណបក្សរបស់លោក បន្ទាប់ពីជាប់ផុងក្នុងរឿងអាស្រូវផ្លូវភេទ ក្រៅអាពាហ៍អិពាហ៍ជាមួយ អតីតលេខាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់លោក អស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Joyce ក៏បានបញ្ជាក់ដែរថា លោកនឹងលាលែងពីតំណែងជាមេដឹកនាំ គណបក្សជាតិ (National party) ដែលជាដៃគូនៃរដ្ឋាភិបាលចម្រុះ របស់លោកនាយករដ្ឋមន្ត្រី ម៉ាល់ខូម ធឺនបាល (Malcolm Turnbull) នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ក៏ប៉ុន្តែលោកថា លោកនឹងបន្តតំណែងនៅក្នុងសភា ដើម្បីរក្សាសំឡេងភាគច្រើននៅសភា ដែលកំពុងរង្គោះរង្គើររបស់ លោក Turnbull។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក៏មានលេចលឺព័ត៌មានថា លោក Barnaby Joyce នឹងលាលែងពីតំណែងផងដែរ ប៉ុន្តែលោកបានបដិសេធ និងអះអាងថា នឹងមិនលាលែងពីតំណែងឡើយ៕