(គូឡាឡាំពួ)៖ ស្ត្រីម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា បានបំពុលសម្លាប់បងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានគេជួលឱ្យចូលរួមសម្ដែង ក្នុងឈុតឆាកកម្មវិធីទូរទស្សន៍បោកបញ្ឆោតជាបន្តបន្ទាប់ មុននឹង លោក គីម ជុងណាំ ត្រូវបានសម្លាប់។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់ជនជាប់ចោទម្នាក់ ក្នុងចំណោមពីរនាក់ ចុះផ្សាយបន្តដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
នាង ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) ជាពលរដ្ឋឥណ្ឌូណេស៊ី និងស្ត្រីម្នាក់ទៀតជាជនជាតិវៀតណាម គឺនាង ដ័ន ធីហួង (Doan Thi Huong) ត្រូវបាន អាជ្ញាធរម៉ាឡេស៊ីចោទប្រកាន់ថា បានប្រើប្រាស់សារធាតុគីមីពុល VX ដើម្បីខ្ទប់មុខសម្លាប់លោក គីម ជុងណាំ នៅឯ អាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
ប៉ុន្តែស្ត្រីទាំងពីរនាក់បានបដិសេធ ដោយអះអាងថា ពួកនាងត្រូវបានគេបោកបញ្ឆោតថា ការសម្លាប់ លោក គីម គឺជាការសម្ដែងកម្មវិធីទូរទស្សន៍តែប៉ុណ្ណោះ ដែលវាមានលក្ខណៈកម្មជាវិធីពញ៉ាក់អារម្មណ៍ ពេញនិយមខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន។
ដោយឡែក ជុំវិញសំណុំរឿងនេះដែរ មេធាវីរបស់នាង Aisyah គឺលោក ហ្គូអ៊ី ស៊ូន សេង (Gooi Soon Seng) បានបញ្ជាក់ប្រាប់តុលាការម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា រូបនាង ត្រូវបានគេបោកបញ្ឆោតថា ការសម្លាប់លោក គីម គឺជាការសម្ដែងកម្មវិធី ទូរទស្សន៍ ហើយមិនតែប៉ុណ្ណោះមុននឹងការស្លាប់របស់បងប្រុស លោក គីម ជុងអ៊ុន នាង Aisyah ត្រូវគេជួលឱ្យសម្ដែងក្នុងឈុតឆាកកម្មវិធីទូរទស្សន៍ដូចគ្នានេះជាបន្តបន្ទាប់ នៅតាមផ្សារទំនើប និងអាកាសយានដ្ឋាន ដើម្បីឱ្យនាងកាន់តែជឿជាក់ថា ការសម្លាប់ លោក គីម ជុងណាំ គឺជាការសម្ដែង។
លោក Gooi បន្ថែមថា កូនក្ដីរបស់ខ្លួនរូបនេះធ្លាប់បានទទួលប្រាក់ ៤,០០០ ringgit (១,០២៤ដុល្លារ) ពីបុរសម្នាក់ឈ្មោះ ហុង សងហាច់ (Hong Song Hac) មកពីប្រទេសកូរ៉េខាងជើង ដើម្បីឱ្យរូបនាងជិះយន្ដហោះទីក្រុងម៉ាកាវ ជាទីដែលលោក គីម រស់នៅ ក្នុងគោលបំណងឱ្យនាងរៀបចំ ឱ្យចូលរួមសម្ដែងក្នុងកម្មវិធីទូរទស្សន៍ដែលគេប្រឌិតឡើង។ ប៉ុន្តែវាត្រូវលុបចោល ដោយមិនបានបញ្ជាក់ពីហេតុផល។
គួររំលឹកថា នាង Siti Aisyah និងនាង Doan Thi Huong ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចោទប្រកាន់ថា បានប្រើប្រាស់សារធាតុគីមីពុល VX ដើម្បីខ្ទប់មុខសម្លាប់ លោក គីម ជុងណាំ នៅឯ អាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។ ដូច្នេះបើសិនជាគេរកឃើញទោសកំហុសនោះ ពួកគេទាំងពីរអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត។
ទាក់ទិននឹងឃាតកម្មនេះដែរ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់ថា កូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយការរៀបចំផ្តាច់ជីវិត បងប្រុសឪពុកតែមួយ ម្តាយទីទៃ ជាមួយលោក គីម ជុងអ៊ុន នេះទាំងស្រុង បើទោះជាទីក្រុងព្យុងយ៉ាងបដិសេធម្តងហើយម្តងទៀតក៏ដោយ។ អ្វីបន្ថែមពីរឿងនេះ គឺទំនាក់ទំនងរវាងរដ្ឋាភិបាលម៉ាឡេស៊ី និងព្យុងយ៉ាង បានបែកប្រេះស្រាំខ្ទេចខ្ទី និងមិនទាន់ត្រូវបានស្តារឡើងវិញរួចនៅឡើយនោះទេ៕