(ដាប្លីន)៖ គ្រាន់តែរយៈពេល ០៣ខែកន្លងទៅនេះប៉ុណ្ណោះ ប្រជាជនអៀរឡង់សរុបចំនួន ១០២នាក់ ឯណោះបានបាត់បង់ជីវិត ដោយសារតែការរីករាលដាល នៃជំងឺផ្តាសាយ នៅក្នុងប្រទេសដីកោះអៀរឡង់ ស្ថិតនៅក្រោមចក្រភពអង់គ្លេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្រាប់ចំនួនមនុស្សស្លាប់ខាងលើនេះ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ បើគេប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលកាលណោះមនុស្ស ៩៥នាក់ ត្រូវបានជំងឺផ្តាសាយផ្តាច់យកជីវិត។ នេះបើតាមរបាយការណ៍ចុងក្រោយ ពីអ្នកគ្រប់គ្រងសេវាកម្មសុខាភិបាល នៃស្នាប័នមួយរបស់រដ្ឋាភិបាលអៀរឡង់ លោក ខេវិន ឃែលឡេញើ (Kevin Kellenher)។
លោក Kellenher បានបន្តទៀតថា «គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ មកទល់នឹងខែកុម្ភៈឆ្នាំ២០១៨នេះ ប្រជាជនសរុប ២,៨៨៩នាក់ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងចំណោមមនុស្សអ្នកមានអការៈធ្ងន់ធ្ងរខ្លាំង ១០២នាក់ បានបាត់បង់អាយុជីវិត»។
គួរបញ្ជាក់តាមរបាយការណ៍ខាងលើនេះទៀតថា ជាធម្មតានៅរដូវធ្លាក់ទឹកកកខ្លាំងនៅចុង និងដើមឆ្នាំនៅប្រទេសអៀរឡង់ មនុស្សជាមធ្យមចន្លោះពី ៨០ ទៅ ១២០នាក់ តែងតែស្លាប់ដោយសារជំងឺផ្តាសាយ ក៏ព្រោះតែពួកគេទាំងនោះ មិនបានមកទទួលការព្យាបាលឲ្យទាន់ពេល៕