(ពិភពលោក)៖ បន្ទាប់ពីប្រភពប្រេងឆៅសម្រាប់បម្រុងទុកឈានទៅរកភាពវិនាសហិនហោច ចំណែកការជីកយកធនធានធម្មជាតិនៅដែនដីមួយចំនួនលើផ្ទៃផែនដី ក៏កាន់តែរេចរិលជាបណ្តើរៗនោះ បណ្តាប្រទេសជាច្រើនចាប់ផ្តើមសម្លឹងទៅរកទ្វីបអាក់ទិចនៅប៉ូលខាងជើង ខណៈដែលផ្ទាំងទឹកកកក្នុងតំបន់នេះចាប់ផ្តើមរលាយបន្តិចម្តងៗ ដោយសារវាជាដែនដីនៃប្រភពធនធានមិនទាន់ប្រើប្រាស់។
ថ្វីត្បិតទ្វីបអាក់ទិច ជាតំបន់ប៉ូល មានអាកាសធាតុត្រជាក់ខ្លាំង មិនអំណោយផលដល់ការរស់នៅ ប៉ុន្តែមានទស្សនៈគួរឱ្យចាប់អារម្មណ៍មួយលើកឡើងថា តំបន់ត្រជាក់អាក់ទិច អាចបង្កើនភាពកក់ក្តៅក្នុងទំនាក់ទំនងរវាងប្រទេស ចិន និងរុស្ស៊ី។ មូលហេតុដោយសារតំបន់អាក់ទិច ជាដែនដីនៃប្រភពប្រយោជន៍ជាច្រើនសម្រាប់មហាអំណាចទាំងពីរ។ ប៉ុន្តែដើម្បីទាញយកផលប្រយោជន៍នេះ ដរាបណាចិន និងរុស្ស៊ី កសាងទំនាក់ទំនងល្អ ហើយត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក។
តំបន់អាក់ទិច គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០លានគីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ប៉ូលភាគខាងជើងនៃផែនដី មានអាកាសធាតុត្រជាក់ខ្លាំង ដោយជាមធ្យមប្រមាណជា-៤០អង្សារសេ ហើយនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំង អាចធ្លាក់រហូតដល់-៦៨អង្សារសេ។ បច្ចុប្បន្នមនុស្សបានចាត់ទុក អាក់ទិច ជាដែនដីកំណប់មួយ ព្រោះជាឃ្លាំងផ្ទុកឧស្ម័នធម្មជាតិ ប្រមាណ៣០ភាគរយ នៃឧស្ម័នធម្មជាតិមិនទាន់រករកទាំងអស់លើផ្ទៃផែនដី និងផ្ទុកប្រេងឆៅ ១៣ភាគរយនៃប្រេងឆៅ មិនទាន់រុករកទាំងអស់លើផ្ទៃផែនដី។ ក្រៅពីនោះតំបន់អាក់ទិច មានធនធានធម្មជាតិច្រើនប្រភេទផ្សេងទៀតដូចជា រ៉ែ ទឹកស្អាត ត្រី និងជាទីចំណាប់អារម្មណ៍សម្រាប់ឧស្សាហកម្មទេសចរណ៍ ដែលកំពុងកើនឡើងជាលំដាប់។ តំបន់អាក់ទិច មានតំបន់វាលរហោស្ថានពោរពេញដោយជីវចម្រុះដ៏កម្រជាច្រើនសន្ធឹកសន្ធាប់។ អាក់ទិចចូលរួមចំណែកផ្គត់ផ្គង់ទឹកចំនួន ១ភាគ៥ នៃទឹកទាំងអស់លើផ្ទៃផែនដី។
អាក់ទិច អាចបម្រើប្រយោជន៍ដល់រុស្ស៊ីទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយជាច្រើនសតវត្សរ៍មកហើយ។ ស្របពេលដែលរុស្ស៊ីមានព្រំប្រទល់ជាប់នឹងទ្វីបអាក់ទិចស្រាប់ ធ្វើឱ្យរដ្ឋាភិបាលក្រុងម៉ូស្គូ កាន់តែមានមហិច្ឆតាខ្ពស់ក្នុងការគ្រប់គ្រងដែនដីកំណប់ទាំងនេះ។ ក្រៅពីការស្រូបយកធនធានធម្មជាតិ តំបន់ប៉ូលនេះបានចូលរួមចំណែក ធ្វើជាប្រព័ន្ធដឹកជញ្ជូនពាណិជ្ជកម្ម និងនេសាទដ៏សំខាន់។ ប្រទេសរុស្ស៊ីគ្រោងនឹងប្រមូលយក ធនធានធម្មជាតិនៅតាមឈូងសមុទ្រធំៗនៅតំបន់អាក់ទិច ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខរដ្ឋាភិបាលក្រុង ម៉ូស្គូ បានបង្ហាញពីចេតនា ចង់បង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់អាក់ទិចផងដែរ។
ប្រទេសរុស្ស៊ី បានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយនៅតំបន់តំបន់អាក់ទិច ដើម្បីឈានទៅរកការប្រកាសគ្រប់គ្រង លើដែនដីអាក់ទិចជាថ្មី។ ជាងនេះទៅទៀតនោះ ដើម្បីពង្រីកឥទ្ធិពល នយោបាយ រុស្ស៊ី បានបន្តរក្សាវត្តមានយោធានៅតំបន់អាក់ទិច ហើយថែមទាំងមានផែនការពង្រឹងវត្តមានឆ្មាំព្រំដែនឆ្មាំសមុទ្រថែមទៀតផង។ ប៉ុន្តែកុំភ្លេចថា ថ្វីត្បិតទ្វីបអាក់ទិច ជាដែនដីដ៏ត្រជាក់ពិបាករស់នៅ មិនមែនមានន័យថាវាជាដែនដីសេរី ដែលអ្នកណាក៏អាចទាញយកប្រយោជន៍ពីតំបន់នេះដោយងាយៗនោះទេ។ ហេតុនេះទើបរុស្ស៊ី ចង់បានដៃគូសហការណ៍ដ៏ល្អម្នាក់ដើម្បីជួយការពារផលប្រយោជន៍ខ្លួន ប៉ុន្តែជាអកុសល រុស្ស៊ីត្រូវហ៊ុព័ទ្ធដោយប្រទេស ជាសត្រូវ និងការទណ្ឌកម្ម ដោយសារភាពលោភលន់របស់រុស្ស៊ី ក្នុងការគ្រប់គ្រងលើដែនដីគ្រីមៀ។ អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យរុស្ស៊ីឯកាជាខ្លាំងលើឆាកអន្តរជាតិ ជាក់ស្តែងនៅទ្វីបអាក់ទិចជាដើម។ ចំណុចនេះជំរុញឱ្យរុស្ស៊ីសម្លឹងរកដៃពីបណ្តាប្រទេសផ្សេងទៀត។
ប្រទេសរុស្ស៊ីកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការអភិវឌ្ឍតំបន់អាក់ទិក ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ យ៉ាងក្តី ជម្លោះនៅអ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្កជាការដាក់ទណ្ឌកម្ម ដែលបានបានដាក់កំហិតមិនឱ្យក្រុមហ៊ុន លោកខាងលិច មានទំនាក់ទំនងជាមួយគម្រោងថាមពលរុស្ស៊ី ក្នុងតំបន់អាក់ទិចឡើយ។ ចំណុចនេះ ជម្រុញប្រទេសរុស្ស៊ីយកចិត្តទុកដាក់ និងសម្លឹងមកតំបន់អាស៊ីកាន់តែខ្លាំង ដើម្បីស្វែងរកផ្លូវសម្រាប់ធ្វើជាដៃគូដ៏មានសក្តានុពលសម្រាប់វិនិយោគ និងបច្ចេកវិទ្យា ព្រមទាំងធ្វើជាទីផ្សារដ៏សំខាន់ ក្នុងនោះ ចិន ជាប្រទេសដ៏សាកសមជាគោលដៅសំខាន់សម្រាប់រុស្ស៊ី។ ហេតុនេះទើប ទំនាក់ទំនងចិន និងរុស្ស៊ី ក្នុងតំបន់អាក់ទិច កាន់តែមានការកើនឡើង។
មិនខុសពីរុស្ស៊ី មហិច្ឆិតារបស់ចិន ក្នុងតំបន់អាក់ទិច ក៏បានឈានដល់ចំណុចកំពូលផងដែរ កាលពីខែមករាកន្លងទៅនេះ ប្រទេស ចិន បានប្រកាសអំពីគម្រោងគោលនយោបាយអាក់ទិច ដែលស្នើបង្កើត “វិថីសូត្រឆ្ពោះទៅតំបន់ប៉ូល” (Polar Silk Road)(សំដៅលើផ្លូវសេដ្ឋកិច្ចរបស់ចិន)។ «វិថីសូត្រទៅកាន់តំបន់ប៉ូល» គឺជាផ្នែកបន្ថែមមួយទៀតទៅនៃគម្រោងមួយដែល គេហៅថា «វិថីសូត្រថ្មី» (New Silk Road) ដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជា «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ក្នុងឆ្នាំ២០១៣។ ខ្សែក្រវ៉ាត់វិថីមួយសំដៅលើដែលឆ្លងកាត់តំបន់ អាស៊ីកណ្ដាល អាស៊ីខាងត្បូង និងផ្លូវសមុទ្រមួយដែលឆ្លងកាត់ពីសមុទ្រចិនខាងត្បូង ទៅកាន់មហាសមុទ្រឥណ្ឌា ហើយបញ្ចប់ត្រឹមព្រែកជីកស៊ុយអេ។
រាល់គម្រោងនេះអាចសម្រេចបានជោគជ័យ ត្រូវទាមទារការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រទេស រុស្ស៊ី។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏រំពឹងនូវផលតបស្នងមកវិញផងដែរ តាមរយៈការការពារពី ប្រទេសចិន ក្នុងការវាយប្រហារទៅលើរដ្ឋទាំងបីនោះតំបន់បាល់ទិក ដែលក្នុងនោះមានដូចជា ប្រទេស លីទុយអានី (Lithuania) ឡាតវី (Latvia) និងអេស្តូនី (Estonia)។ ជាអកុសល ប្រទេសទាំងបី មានអង្គការណាតូ ចក្រភពអង់គ្លេស កាណាដា និង យោធាពីបណ្តារដ្ឋផ្សេងៗ ជាខែលការពារយ៉ាងរឹងមាំ។
ថ្វីត្បិតអាក់ទិច ជាប្រភពធនធានធម្មជាតិ ប៉ុន្តែការស្វែងរកធនធានទាំងនោះ ត្រូវបានចាត់ទុកជារឿងដ៏លំបាកមួយ ដោយសារវាមានវិសាលភាពធំធេង និងជាតំបន់ដាច់ស្រយាល។ ក្រៅពីវិសាលភាពធំធេងហើយនោះ ប្រតិបត្តិការរុករកជួបភាពលំបាកខ្លាំងដោយសារអាកាសធាតុត្រជាក់ពេក ដែលតម្រូវឱ្យមានឧបករណ៍សម្រាប់បំពាក់បន្ថែមដល់មនុស្ស និងម៉ាស៊ីនកាន់តែច្រើន ចំណែកការធ្វើទំនាក់ទំនងក៏កាន់តែពិបាកខ្លាំងណាស់ ស្របពេលដែលភាពមិនទៀងទាត់នៃពន្លឺព្រះអាទិត្យ ដែលបណ្តាលឱ្យថ្ងៃទៅជាងងឹត ឬយប់ពេញពន្លឺជាដើមកាន់តែបង្កឧបសគ្គច្រើនសម្រាប់ដំណើររុករកនេះ។ ប៉ុន្តែទោះជាមានឧបសគ្គយ៉ាងណា ក៏ដោយ តំបន់អាក់ទិច ត្រូវបានចាត់ទុកជាប្រភពសក្តានុពល ប្រេងដ៏សំខាន់មួយសម្រាប់ប្រទេសណា ដែលមានចូលចិត្តលេងល្បែងរយៈពេលវែង។ ស្របគ្នានេះដែរ ប្រទេសចិន ជាប្រទេសដែលអាចលេងល្បែងរយៈពេលវែងបានយ៉ាងល្អបំផុត ហេតុនេះទើបចិន មានមហិច្ឆិតាខ្ពស់ទៅលើតំបន់អាក់ទិក។
និយាយពីការធ្វើដំណើរវិញ ជើងហោះហើរខ្លះដែលធ្វើដំណើរឆ្លងកាត់តំបន់ប៉ូលខាងជើង មានចម្ងាយជិតជាងធម្មតា ដូច្នេះការបង្កើតផ្លូវធ្វើដំណើរឆ្លងកាត់សមុទ្រនៅប៉ូលខាងជើង ក៏ច្បាស់ជាចំណេញពេលដូចគ្នា។ ជាក់ស្តែង ការធ្វើដំណើរពីចិន ទៅអឺរ៉ុបជាធម្មតាមានរយៈពេលប្រាំសប្តាហ៍ ប៉ុន្តែប្រសិនបើធ្វើដំណើរឆ្លងកាត់តំបន់ប៉ូល ទៅអឺរ៉ុបមានរយៈពេលតែបីសប្តាហ៍ប៉ុណ្ណោះ។
រដ្ឋាភិបាលក្រុង ប៉េកាំង មានបំណងចង់ពង្រឹងតួនាទី និងការចូលរួមរបស់ខ្លួនកាន់តែស៊ីជម្រៅក្នុងតំបន់អាក់ទិច។ ជាពិសេសប្រទេសចិន ចង់បានតំណែង ជាភាគីពាក់ព័ន្ធស្របច្បាប់នៃតំបន់អាក់ទិច ដោយការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយ រដ្ឋនៅអាក់ទិច តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងទំនាក់ទំនងកាន់តែស៊ីជម្រៅជាងមុន។ ដូច្នេះរុស្ស៊ី បានក្លាយជាប្រទេសជម្រើសដំបូងសម្រាប់ កិច្ចសហប្រតិបត្តិការចិន/រុស្ស៊ី ក្នុងការអភិវឌ្ឍធនធានថាមពល និងផ្លូវសមុទ្រនៅតំបន់ អាក់ទិច។ ចិន ចាត់ទុក រុស្ស៊ីជាគោលដៅមួយ ដែលអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងបំពេញផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ម្យ៉ាងវិញទៀត ខណៈដែលប្រទេសរុស្ស៊ីគឺជាប្រទេសនាំចេញថាមពលដ៏ធំបំផុតមួយរបស់ពិភពលោក ស្របពេលដែលប្រទេសចិនគឺជាអ្នកនាំចូលថាមពលធំបំផុតលើពិភពលោក ធ្វើឱ្យប្រទេសទាំងពីរសាកសមធ្វើជាដៃគូពាណិជ្ជកម្ម។ គោលនយោបាយអាក់ទិចរុស្ស៊ី គឺដើម្បីស្រូបយកធនធានថាមពលយ៉ាងច្រើន ប៉ុន្តែរុស្ស៊ីខ្វះហេដ្ឋារចនាសម្ព័ន្ធ ដើមទុន និងបច្ចេកវិទ្យា ដែលចិន អាចបំពេញបន្ថែមដើម្បីសម្រេចកិច្ចការនេះ ទោះបីកន្លងមកកិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយសារការមិនទុកចិត្តគ្នា និងការកេងប្រវ័ញ្ចលើអាជីវកម្មទៅវិញទៅមកក្តី។
ដោយសារកែវភ្នែកជាច្រើនសម្លឹងមើលឃើញផលប្រយោជន៍ពីដែនដីអាក់ទិក ទើបបង្កឱ្យមានក្តីបារម្ភខ្លាចមានការបំផ្លិចបំផ្លាញដែនដីនេះ ហេតុនេះទើប ក្នុងឆ្នាំ២០១៣ រដ្ឋជាសមាជិកនៃ ក្រុមប្រឹក្សាតំបន់អាក់ទិក បានសម្រេចចិត្តបើកកិច្ចប្រជុំរបស់ខ្លួន ទទួលស្គាល់ប្រទេសមិនស្ថិតនៅតំបន់អាកទិច ចំនួនប្រាំមួយ ធ្វើជាអ្នកសង្កេតការណ៍ ចិន។ ក្នុងនាមជាប្រទេស កុម្មុយនីសដូចគ្នា ហើយចិន មានតួនាទីជាអ្នកអង្កេតការណ៍នៃក្រុមប្រឹក្សាអាក់ទិចផងនោះ ធ្វើឱ្យរុស្ស៊ីចង់ទាញចិនមកធ្វើជាដៃជើងសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ទាញប្រយោជន៍ពីតំបន់អាក់ទិច។
ការពិតទៅ បើនិយាយពីផលប្រយោជន៍សេដ្ឋកិច្ច គ្រាន់តែជាផ្នែកមួយនៃមហិច្ចតា ចិន តែអ្វីដែលសំខាន់ គឺផលប្រយោជណ៍ នយោបាយដែល ចិនចង់បានពីរុស្ស៊ី ស្របពេលដែលរុស្ស៊ី ក៏ចង់បានជំនួយពីចិនដូចគ្នា។ ប្រទេស ចិន ធ្លាប់បានបញ្ជូនកងនាវាចម្បាំងរបស់ខ្លួនទៅតំបន់ ដើម្បីធ្វើសមយុទ្ធយោធាជាមួយរុស្ស៊ី ដើម្បីបង្ហាញពីការគាំទ្រពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ ការបង្ហាញពីការគាំទ្រផ្នែកនយោបាយពីមហាអំណាច ចិន អាចឱ្យរុស្ស៊ី មានជំហរយ៉ាងរឹងមាំជាងមុន ក្នុងការប្រឈមមុខជាមួយអង្គការណាតូ និងសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយទ័ពនៅបណ្តាប្រទេសមួយចំនួន ក្នុងបំណងព័ទ្ធរុស្ស៊ី។
សុរបជារួម ចិន និងរុស្ស៊ី សុទ្ធតែចង់បានផលប្រយោជន៍រៀងៗខ្លួនពីតំបន់អាក់ទិច តែដើម្បីស្រូបយកផលប្រយោជន៍បានលុះត្រាតែរដ្ឋាភិបាលក្រុងប៉េកាំង និងម៉ូស្គូ ជួយគ្នាទៅវិញទៅមក ហេតុនេះតំបន់អាក់ទិច ជាអាចជាមូលហេតុជំរុញទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា