(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការបំពាក់អាវុធ ឬអនុញ្ញាតឱ្យគ្រូបង្រៀន នៅក្នុងសហរដ្ឋអាមេរិកអាចប្រើប្រាស់កាំភ្លើង ដើម្បីទប់ស្កាត់ការបាញ់ប្រហារនៅក្នុងសាលារៀន ស្របពេលប្រជាជនអាមេរិកកាន់តែច្រើន ស្នើឱ្យសភារឹតបន្តឹងការប្រើប្រាស់កាំភ្លើង ជាពិសេសនៅក្នុងរដ្ឋផ្លូរីដា ដែលទើបតែកើតហេតុក្តៅៗនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅអំឡុងពេលលោកជួបនៅសេតវិមាន កាលពីថ្ងៃពុធជាមួយ អ្នករស់រានមានជីវិតពីហេតុការណ៍ បាញ់ប្រហារសម្លាប់មនុស្ស ១៧នាក់ នៅឯវិទ្យាល័យមួយកន្លែងក្នុងរដ្ឋផ្លូរីដា កាលពីសប្ដាហ៍មុន។
ថ្លែងនាឱកាសនោះដែរ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាគ្រូរបស់អ្នកមានកាំភ្លើងនៅក្នុងដៃ ពួក គេអាចនឹងទប់ស្កាត់ការវាយប្រហារទាន់ពេលវេលា»។ លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាង ដែរថា ២០ភាគរយ នៃគ្រូបង្រៀននៅតាមសាលានានា គួរតែត្រូវបានបណ្ដុះបណ្ដាលពីរបៀបប្រើបា្រស់ និងលាក់កាំភ្លើង។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានសន្យាយ៉ាងមុតមំាថា នឹងត្រួតពិនិត្យជីវប្រវត្តិ និងបញ្ហាផ្លូវចិត្តរបស់អ្នកទិញកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក។ កាលពីសប្ដាហ៍មុន ខ្មាន់កាំភ្លើងឈ្មោះ នីកូឡាស គ្រូស (Nikolas Cruz) មានអាយុ ១៩ឆ្នាំ បានបាញ់ប្រហារសម្លាប់មនុស្ស ១៧នាក់ នៅឯវិទ្យាល័យ Marjory Stoneman Douglas នៅឯទីក្រុង ផាកឡេនដ៍ (Parkland) ក្នុងរដ្ឋផ្លូរីដាហើយដែលនេះ គឺជាការបាញ់ប្រហារក្នុងសាលារៀនសម្លាប់មនុស្សច្រើនជាងគេបំផុតទី ២ នៅក្នុងប្រវតិ្តសាស្ត្រអាមេរិក។ សាធារណៈមតិជាច្រើន បានទាមទារឲ្យប្រហារជីវិតជនឈ្មោះ Cruz នោះទោះបីជារូបគេ បានសារភាព និងទទួលកំហុសដែលខ្លួនបានប្រព្រឹត្តក៏ដោយ៕