(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងបន្តរក្សាវត្តមានរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីពង្រឹងតួនាទី និងអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងនៅក្នុងតំបន់ កាន់តែឡើងកំដៅខ្លាំង។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមអ្នកជំនាញដូចជា លោក អ៊ីប្រាហ៊ីម អាល់ អាមែរី (Ibrahim al-Ameri) សហរដ្ឋអាមេរិកកំពុងស្វែងរក ការក្សាអំណាចកំពូលរបស់ខ្លួននៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ បើទោះជាក្រុម ISIS នៅអ៊ីរ៉ាក់ បានដួលរលំហើយក៏ដោយ។ មិនតែប៉ុណ្ណោះ យោធា អាមេរិកក៏មានគំរោងបន្តបេសកម្មនៅអ៊ីរ៉ាក់ និងមជ្ឈិមបូព៌ាដើម្បីធ្វើយ៉ាងណាអាចពង្រឹង ក៏ដូចជាបង្កើនតួនាទីសំដៅ ទប់ស្កាត់ការកើនឡើងនៃឥទ្ធិពលរបស់រុស្ស៊ី និងអ៊ីរ៉ង់។
«បើសិនជាអ៊ីរ៉ង់គ្រប់គ្រងអ៊ីរ៉ាក់ នោះគំរោងពង្រីកអំណាចរបស់សហរដ្ឋអាមេរិកនឹងត្រូវបំផ្លាញ ហើយឥទ្ធិពលអ៊ីរ៉ង់ អាច កា្លយជាគ្រោះថ្នាក់សម្រាប់ប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តអាមេរិក»។ នេះបើតាមការលើកឡើង លោក Ibrahim al-Ameri។
អ្នកជំនាញរូបនេះបន្តថា សហរដ្ឋអាមេរិកនឹងបន្តរក្សវត្ដមានកងទ័ព នៅក្នុងប្រទេសអ៊ីរ៉ាក់ មិនមែនសម្រាប់ទប់ទល់ជាមួយនឹងអ៊ីរ៉ង់ប៉ុណ្ណោះ ក៏ប៉ុន្តែក៏មានគោលដៅទប់ស្កាត់ការរីកសាយ នៃឥទ្ធិពលរុស្ស៊ីផងដែរ ដែលត្រូវគេមើលឃើញថា មានទម្ងន់កាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការជួយឱ្យរដ្ឋាភិបាលស៊ីរីឈ្នះ ក្នុងសង្រ្គាមប្រឆាំងនឹងពួក ISIS និងក្រុមប្រឆាំងស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រៅផ្លូវការ យោធាអាមេរិកបានបង្កើនកងទ័ពរបស់ខ្លួន នៅឯមូលដ្ឋានទ័ពអាកាស អាយីន អាល់ អាស្សាដ (Ayn al-Asad) ក្នុងខេត្ត អាន់បា (Anbar) រួមទាំងមូលដ្ឋានទ័ពអាកាស អាល់កាយយ៉ារ៉ា (al-Qayyara) នៅភាគខាងត្បូងទីក្រុង ម៉ូស៊ូល (Mosul) ជារដ្ឋធានីរបស់ ខេត្ត នីណេវែហ៍ (Nineveh) ប្រទេសអ៊ីរ៉ាក់៕