(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការបាក់ដីនៅកោះជ្វាប្រទេសឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួនក្រោមល្បាប់ភក់ និង ១៤នាក់រងរបួស៕
២៖ ក្រុមអ្នកបុរាណវិទ្យាចិន បានរកឃើញសំណល់ទីក្រុងបុរាណមួយ នៅភាគខាងជើងតំបន់ស្វយ័តម៉ុងហ្គោលីរបស់ ចិន (ភាគឦសានប្រទេស) ដែលគេជឿជាក់ថា មានអាយុកាលជាង ២,០០០ឆ្នាំកន្លងមកហើយ៕
៣៖ ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យទាំងយប់ នូវមីស៊ីលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ Prithvi-II ចេញពីទីតាំងធ្វើតេស្ដ មួយកន្លែងស្ថិតនៅរដ្ឋ អូឌីសា (Odisha) ស្ថិតនៅភាគខាងកើត នៃប្រទេស៕
៤៖ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះរញ្ជួយដីកំរិត ៤.៩រ៉ិចទ័រ បានវាយប្រហារលើតំបន់ដែនសមុទ្រនៃខេត្ត ហ័រលៀន ( Hualien) ភាគខាងកើតកោះតៃវ៉ាន់៕
៥៖ ទីក្រុងស៊ីវិល័យរបស់សហរដ្ឋអាមេរិក គឺទីក្រុងញូយ៉ក បានជាប់ឈ្មោះជាទីក្រុងដ៏កខ្វក់ជាងគេបង្អស់នៅក្នុងប្រទេស ដោយសារតែមានវត្តមាននៃសត្វចង្រៃ និងសំរាមច្រើនជាងកន្លែងណាៗទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក៕
៦៖ ការស្ទង់មតិមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសំឡេងគំាទ្រជិត ៧០ភាគរយ ពីប្រជាជនរុស្ស៊ី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែក្រោយនេះ ដែលវាជាសញ្ញាបង្ហាញយ៉ាងច្បាស់ លោក ពូទីន នឹងអាចបន្តដឹកនាំរដ្ឋាភិបាលរុស្ស៊ីនាអាណត្តិក្រោយទៀត៕