(ប៉េកាំង)៖ ក្រុមអ្នកបុរាណវិទ្យាចិន បានរកឃើញសំណល់ទីក្រុងបុរាណមួយ នៅភាគខាងជើងតំបន់ស្វយ័តម៉ុងហ្គោលី របស់ចិន (ភាគឦសានប្រទេស) ដែលគេជឿជាក់ថា មានអាយុកាលជាង ២,០០០ឆ្នាំកន្លងមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
សំណល់ទីក្រុងបុរាណនេះ ត្រូវបានគេរកឃើញនៅតំបន់ភ្នំ ឌែលីង (Deling) ស្ថិតនៅភាគខាងលិចតំបន់ស្វយ័តម៉ុងហ្គោលី នៅចំងាយ១.៣គីឡូម៉ែត្រ ពីភាគពាយ័ព្យនៃផ្នែកមួយរបស់មហាកំពែងចិន កសាងឡើងនៅកាលពីសម័យរាជវង្សហាន (ឆ្នាំ២៥មុនគ.ស ដល់ឆ្នាំ២២០ មុនគ.ស)។
ចំណែកឯក្រុមអ្នកបុរាណវិទ្យាចិនជឿជាក់ថា ទីក្រុងនេះត្រូវបានកសាង ដោយអ្នកគ្រប់រាជវង្សហាន ដើម្បីធ្វើជាជម្រកសម្រាប់កងទ័ពមកពីក្រុមជនជាតិដើមបុរាណ សុងនូ (Xiongnu) ដែលត្រូវចាប់ខ្លួន។ បន្ថែមពីខាងលើ ក្រុមអ្នកបុរាណវិទ្យាចិន បានឱ្យដឹងដែរថា ទីក្រុងបុរាណនេះគ្របដណ្ដប់លើផ្ទៃដី ២១០ហិកតា ព្រមទាំង មានបណ្ដោយ ៥,៨៥០ម៉ែត្រ និងមានជញ្ជាំងមួយនៅក្រៅជញ្ជាំងក្រុង។
ដោយឡែកនៅខាងក្នុងទីក្រុងនេះ មានកន្លែងស្នាក់នៅជាច្រើនត្រូវបានគេប្រទះឃើញ ប៉ុន្តែវាមានហាក់ដូចជាជំរុំយោធា ប្រើប្រាស់ដោយក្រុមជនជាតិដើមភាគខាងជើង ហើយតង់មួយមានអង្កត់ផ្ចិត ៣២ម៉ែត្រ ក៏ត្រូវគេរកឃើញផងដែរ។
គួរបញ្ជាក់ថា ជនជាតិដើម Xiongnu គឺជាក្រុមកុលសម្ព័ន្ធដើរពនេចរ ឬគេស្គាល់ថា Huns ដែលមានវត្ដមាននៅចុង ស.វទី ៣ មុនគ.ស ហើយពួកគេបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចិន និងប្រវត្តិសាស្ត្រពិភពលោក។ លើសពីនេះទៅទៀត នៅសម័យរាជវង្សហាន Xiongnu បានបះទង្គិចគ្នាជាច្រើនដងជាមួយចិន៕