(ម៉ូស្គូ)៖ ការស្ទង់មតិមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសំឡេងគំាទ្រជិត ៧០ភាគរយ ពីប្រជាជនរុស្ស៊ី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែក្រោយនេះ ដែលវាជាសញ្ញាបង្ហាញយ៉ាងច្បាស់ លោក ពូទីន នឹងអាចបន្តដឹកនាំរដ្ឋាភិបាលរុស្ស៊ីនាអាណត្តិក្រោយទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមការស្ទង់មតិ ធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី ៦៩.៥ភាគរយ នៃអ្នកត្រូវបានសាកសួរបានឆ្លើយថា ពួកគេនឹងបោះឆ្នោតឱ្យលោក ពូទីន ខណៈគូប្រជែងដ៏សំខាន់របស់លោក មកពីគណបក្សកុម្មុយនីស្ដ Pavel Grudinin ទទួលបានសំឡេងគាំទ្រ ៧.៥ភាគរយ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ តាមរយៈការសាកសួរប្រជាជនរុស្ស៊ី ៧,០០០នាក់ ជាលក្ខណៈថ្នាក់ជាតិតាមទូរស័ព្ទដៃ ហើយអ្នកឆ្លើយសំណួរត្រូវគេសួរថា បើសិនជាការបោះឆ្នោតប្រធានាធិបតី ចូលមកដល់នៅថ្ងៃអាទិត្យក្រោយ តើអ្នកនឹងបោះឆ្នោតឱ្យអ្នកណា?
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ហើយលោក ពូទីន ត្រូវបានគេរំពឹងថា ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ដោយទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី៕