(ញូដេលី)៖ ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យទាំងយប់ នូវមីស៊ីលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ Prithvi-II ចេញពីទីតាំងធ្វើតេស្ដ មួយកន្លែងស្ថិតនៅរដ្ឋ អូឌីសា (Odisha) ស្ថិតនៅភាគខាងកើត នៃប្រទេស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីឥណ្ឌា មីស៊ីលខាងលើដែលមានរយៈចំងាយបាញ់ប្រហារ ៣៥០គីឡូម៉ែត្រ ត្រូវបានបាញ់សាកល្បង ដោយទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌា នៅម៉ោងប្រមាណជា ៨៖៣០នាទីយប់ កាលពីថ្ងៃពុធ។ បន្ថែមពីលើនេះ មីស៊ីលនេះ ទទួលបានជោគជ័យក្នុងការសាកល្បង ដោយវាអាចបាញ់ចំគោលដៅដែលបានកំណត់។
គួរបញ្ជាក់ថា បើតាមយោធាឥណ្ឌា មីស៊ីល Prithvi-II មានទម្ងន់ ៤,៦០០គីឡូក្រាម និងមានសមត្ថភាពដឹកក្បាលគ្រាប់ មានទម្ងន់ពី ៥០០ ទៅ ១,០០០គីឡូម៉ែត្រ។ ការធ្វើតេស្ដនេះទៀតសោត កើតមានឡើងបន្ទាប់ពីឥណ្ឌាធ្វើតេស្ដជោគជ័យ ជាបន្តបន្ទាប់នូវមីស៊ីល Agni-V, Agni-II និង Agni-I នៅក្នុងឆ្នាំ២០១៨នេះ៕