(ញូយ៉ក)៖ អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) លោក បាន គីនមូន បាននិយាយថា ស្ថាប័នកំពូលអន្តរជាតិមួយនេះ បានទទួលជោគជ័យយ៉ាងធំធេង ក្នុងការរារាំងមិនឱ្យសង្រ្គាមលោកកើតឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក បាន ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងចូលរួមប្រជុំនៅឯក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ស្ដីពីធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោក បាន គីមូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានអង្គការសហប្រជាជាតិ សហគមន៍អន្តជាតិ មិនអាចទទួលជោគជ័យក្នុងការទប់ស្កាត់មិនឱ្យសង្រ្គាមលោក ផ្ទុះឡើងជាថ្មីនោះឡើយ នារយៈពេលជាង ៧០ឆ្នាំមកនេះ»។
ទន្ទឹមគ្នានេះដែរ អតីតអគ្គលេខាធិការជនជាតិកូរ៉េខាងត្បូងរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការចូលរួមពីគ្រប់ទិសទី ដើម្បីរក្សាសន្តិភាពពិភពលោក និងសន្តិសុខ គឺត្រូវការចំាបាច់ជាងពេលណាៗទាំងអស់នាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា បើតាមលោក បាន គីមូន អង្គការសហប្រជាជាតិ បានចូលរួមចំណែកយ៉ាងធំធេង ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាពសាធារណៈ និងវិស័យអប់រំ។ ដោយឡែកកិច្ចប្រជុំស្ដីពីធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងចាប់ តាំងពីឆ្នាំ២០១៥មកម្លេះ ដើម្បីពិនិត្យពីស្ថានការណ៍សន្តិភាព នៅទូទាំងសកលលោក៕