(ហ្សាកាតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ១១នាក់បាត់ខ្លួន និង ១៤នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរអិលបាក់ដី បានវាយប្រហារលើស្រុក ប្រេបេស (Brebes) នៃភាគកណ្ដាលកោះជ្វាស្ថិតនៅ ភាគខាងលិចនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) គ្រោះរអិលបាក់ដីខាងលើបានកើតឡើងនៅក្នុងភូមិ ផាស៊ឺ ផាន់ចាង (Pasir Panjang) នៅពេលដែលជនរងគ្រោះកំពុងធ្វើស្រែ ក្បែរជម្រាលកូនភ្នំមួយ។ លោក Nugroho បញ្ជាក់បន្ថែមដូច្នេះថា «បើតាមទិន្ន័យចុងក្រោយ មនុស្ស ១១នាក់បានបាត់ខ្លួន ឬអាចកប់នៅក្រោមគំនរដីភក់ ហើយមនុស្ស ១៤នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែមានរបួស»។
គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួន ដោយមានការចូលរួមពីយោធា និងអ្នកស្ម័គ្រចិត្តជាច្រើននាក់៕