(ម៉ុងតេនេក្រូ)៖ រដ្ឋាភិបាលម៉ុងតេនេក្រូ (Montenegro) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានចោលគ្រាប់បែកដៃមួយគ្រាប់ ចូលបរិវេណស្ថានទូតអាមេរិក ប្រចាំទីក្រុង ផដហ្កូរីកា (Podgorica) មុននឹងរូប គេចុចបំផ្ទុះគ្រាប់សម្លាប់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាភាសាអង់គ្លេសបង្ហោះនៅលើ Twitter រដ្ឋាភិបាលម៉ុងតេនេក្រូ បានបញ្ជាក់ទៀតថា នៅ ពាក់កណ្ដាលយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះ មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែមុននោះ រូបគេក៏បានចោលគ្រាប់បែកដៃមួយគ្រាប់ ចូលក្នុងបរិវេណស្ថានទូតអាមេរិកផងដែរ។
គួរបញ្ជាក់ថា ភ្លាមៗពុំទាន់មានសេចក្ដីរាយកាណ៍លម្អិតអ្វីនោះទេ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងកំណត់អត្តសញ្ញាណជនសង្ស័យ រីឯស្ថានទូតអាមេរិក បានចេញសេចក្ដីព្រមានឱ្យពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅក្នុងប្រទេសភាគខាងត្បូងទ្វីបអឺរ៉ុបមួយនេះ៕