(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង នឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ឲ្យមកចូលរួម ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ២៣ ដែលបាននិងកំពុងបន្តប្រព្រឹត្តទៅក្នុងទីក្រុង ព្យឿងចាង (PyeongChang) ភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដែលមានសមាជិក ០៨រូប ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកដល់រដ្ឋធានីសេអ៊ូល នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្រាប់រយៈពេល ០៣ថ្ងៃ ដើម្បីចូលរួមពីធីបិទការប្រកួតកីឡាអូឡាំពិក នៅល្ងាចថ្ងៃដដែល ក្រោមការដឹកនាំរបស់ លោក គីម យ៉ុងចុល (Kim Yong-chol) ប្រធាននាយកដ្ឋានដ៍សំខាន់មួយ នៃគណបក្សកាន់អំណាចទីក្រុងព្យុងយ៉ាង និងជាអតីតប្រធានការិយាល័យស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងជើង។
គួរជម្រាបថា បើតាមការបង្ហើបឲ្យដឹងពីមន្រ្តីនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង ជឹង វ៉ាដេ (Cheong Wa Dae) លោក មូន ជែអ៊ីន ក៏ទំនងជានឹងជួបស្វាគមន៍ក៏ដូចជាបើកកិច្ចពិភាក្សាផ្លូវការជាមួយ ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងផងដែរ៕