(វ៉ាស៊ីនតោន)៖ កូនស្រីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវែនកា ត្រាំ (Ivanka Trump) នឹងដឹកនាំប្រតិភូអាមេរិក មកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុង ព្យឿងចាង (PyeongChang) ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នេះបើតាមប្រភពពីសេតវិមាន ចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមសេតវិមាន អ្នកនាង Ivanka Trump ជាប្រឹក្សាម្នាក់របស់លោក ត្រាំ ម្នាក់ផងនោះ គ្រោងនឹងទទួលទានអាហារ ពេលល្ងាចជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រស្អែកនេះ នៅឯវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅអំឡុងដែលអ្នកនាង បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ប៉ុន្តែព្រមពេលជាមួយគ្នា សេតវិមានក៏បានបញ្ជាក់ដែរថា អ្នកនាងមិនមានគំរោងជួបជាមួយ ក្រុមប្រតិភូកូរ៉េខាងជើងនោះទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមឡើង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ៕