(ញូយ៉ក)៖ ទីក្រុងស៊ីវិល័យរបស់សហរដ្ឋអាមេរិក គឺទីក្រុងញូយ៉ក បានជាប់ឈ្មោះជាទីក្រុងដ៏កខ្វក់ជាងគេបង្អស់នៅក្នុងប្រទេស ដោយសារតែមានវត្តមាននៃសត្វចង្រៃ និងសំរាមច្រើនជាងកន្លែងណាៗទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការត្រួតពិនិត្យមួយទៅលើទិន្នន័យរដ្ឋាភិបាល ដោយក្រុមហ៊ុនសម្អាតអនាម័យ Busy Bee ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
របាយការណ៍ដែលទើបចេញផ្សាយខាងលើនេះ បានធ្វើការចាត់ថ្នាក់ទីក្រុងចំនួន ៤០ នៅទូទាំងសហរដ្ឋអាមេរិក ដោយផ្អែកទៅលើទិន្នន័យស្តីពីសត្វចង្រៃ និងសំរាម ពីទីភ្នាក់ងារវាយតម្លៃលំនៅឋានអាមេរិក, ទិន្នន័យស្តីពីការបំពុលខ្យល់ ពីទីភ្នាក់ងារគាំពារបរិស្ថានអាមេរិក, និងការប៉ាន់ប្រមាណចំនួនប្រជាជន ពីការិយាល័យកិច្ចការជំរឿនរបស់សហរដ្ឋអាមេរិក។ ក្រោយឆ្លងកាត់ការវាយតម្លៃក្រុងញូយ៉ក ដែលមានឈ្មោះហៅក្រៅថា «Big Apple» បានឈរនៅតំណែងកំពូលទី ១ ជាមួយពិន្ទុ ៤២៧.៩ នៅក្នុងសន្ទស្សន៍នៃភាពកខ្វក់របស់ក្រុមហ៊ុន Busy Bee ខណៈទីក្រុងឡូសអាន់ជែឡែស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា ឈរនៅលេខ២ ជាមួយពិន្ទុ៣១៧.៨។
គួរជម្រាបថា បើតាមរបាយការណ៍ដដែលកាលពីឆ្នាំមុន គេសង្កេតឃើញថា ផ្ទះសម្បែងប្រមាណ ៩០៤,០០០ខ្នង នៅទីក្រុងញូយ៉កមានសំរាមពាសពេញលើផ្លូវដែលនៅក្បែរខាង ហើយលំនៅឋានជិត ២.៣លានខ្នង សុទ្ធតែធ្លាប់ឃើញមានសញ្ញានៃសត្វកណ្តុរ និងសត្វកន្លាតជាដើម៕