(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកបានព្យាយាមលូកដៃ ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតី នៃបណ្ដាប្រទេសដទៃ ៨១ដង នៅចន្លោះពីឆ្នាំ១៩៤៦ និងឆ្នាំ២០០០។ ប៉ុន្តែនេះមិនរាប់បញ្ចូលការធ្វើរដ្ឋប្រហារ និងការចូលរួមផ្លាស់ប្ដូររបបស្របច្បាប់ របស់មេដឹកនាំជាប់ឆ្នោតតាមបែបលិទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងវ៉ាស៊ីនតោនមិនចូលចិត្តនោះទេ។ នេះបើតាមការបញ្ចេញរបាយការណ៍សម្ងាត់មួយ ដោយ Los Angeles Times ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
សហរដ្ឋអាមេរិកបាននាំចេញលិទ្ធិប្រជាធិបតេយ្យរាប់តោន ទៅបរទេសចាប់តាំងពីឆ្នាំ២០០០មក តាមរយៈការបណ្ដុះបណ្ដាល និងគំាទ្រដល់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលដែលខ្លួនយល់ថា ជាមេគ្រោះបំផ្លាញលិទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែទន្ទឹមគ្នា ការលូកដៃរបស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ភាគច្រើនត្រូវបាន គេមើលឃើញថា បានជះផលអវិជ្ជមាននឹកស្មានមិនដល់ សម្រាប់ប្រជាជននៃប្រទេសទំាងនោះ។ ជាឧទាហរណ៍ដូចជា នៅ លីប៊ី ស៊ីរី និងអ៊ីរ៉ាក់ ជាឧទាហរណ៍ដ៏ច្បាស់ក្រឡែត។
ដោយឡែក ជុំវិញភាពចម្រូងចម្រាស់នេះដែរ លោក ចន ហ្គន (Jon Gaunt) ដែលជាអ្នកអត្ថាធិប្បាយជាប្រចាំ នៅក្នុងវិទ្យុ BBC Radio 2 នៅក្នុងកម្មវិធី Jeremy Vine Show ដ៏ល្បីល្បាញនោះ បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី Russian Today ថា សហរដ្ឋអាមេរិក បានលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ច្រើនជាងអ្វីដែលរុស្ស៊ីបានធ្វើ។ លោកបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «វាជារឿងមិនសមហេតុផលទាល់តែសោះ... យើងគួរតែសួរប្រជាជនលីប៊ីថា តើពួកគេ សប្បាយចិត្ត ឬទេ ចំពោះការលូកដៃពីសំណាក់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសរបស់ពួកគេ»។
ងាកទៅកាលពីសប្ដាហ៍មុនវិញ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) បានទទួលស្គាល់ដោយឥតលាក់លៀមថា សហរដ្ឋអាមេរិកបាន និងកំពុងជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត នៃបណ្ដាប្រទេសដទៃ តែថាវាធ្វើឡើងដើម្បីផលប្រយោជន៍លិទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់សម័យលោក បៀន គ្លីនតុន រូបនេះ មិនបានលើកយកលទ្ធផលជាក់ស្តែង ដូចជានៅអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងប្រទេសមួយចំនួនទៀត មកធ្វើឧទាហរណ៍នោះឡើយ។
មួយវិញទៀត ពិភពលោកបានមើលឃើញរឹតតែច្បាស់ថា ការលូកដៃរបស់អាមេរិក បានចូលរួមបង្អាក់ ដំណើរអភិវឌ្ឍន៍ប្រទេសដទៃ នៅក្រោយពេលរបបដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ដួលរំលំ ហើយការរីកចំរើនរាប់ទសវត្សរ៍របស់លីប៊ី ក្នុងនាមជាសេដ្ឋីប្រេងមួយដែរលើលោកនោះ ក៏បានស្លាប់ទៅជាមួយមេដឹកនាំរូបនេះផងដែរ។ បច្ចុប្បន្ន លីប៊ីត្រូវខ្ទេចខ្ទាំសេដ្ឋកិច្ច ទាំងហេដ្ឋារចនាសម្ព័ន្ធ ឬអាចនិយាយបាន លីប៊ីនៅពេលនេះបានធ្លាក់ដល់បាត បើធៀបទៅនឹងលីប៊ីក្រោមការដឹកនាំរបស់ លោក Gaddafi ដែល សហរដ្ឋអាមេរិកហៅថា មេដឹកនាំផ្ដាច់ការ និងរំលោភសិទ្ធិមនុស្ស។
សរុបសេចក្តីមក ចំណុចសំខាន់ជារួមនៅក្នុងរបាយការណ៍ ដែលត្រូវបានដកស្រង់យកតែចំណុចសំខាន់នោះ គឺជាការបង្ហាញការគាំទ្រទៅដល់នយោបាយអាមេរិកទៅវិញ ដែលចង់សាបព្រួសលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ទៅគ្រប់ទិសទីលើលោក តាមរយៈនយោបាយលូកលាន់កិច្ចការបោះឆ្នោតប្រទេសដទៃ ដោយមិនខ្វល់ថា នឹងអាចបង្កបញ្ហាធ្ងន់ធ្ងរនោះឡើយប្រសិនបើវាបរាជ័យ ប្រសិនបើវាបរាជ័យ ហើយទង្វើបែបនេះ គឺត្រូវបានចាត់ទុកថា ជារឿងស្របច្បាប់សម្រាប់រដ្ឋបាលអាមេរិកគ្រប់ជំនាន់ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺដូចបណ្តាប្រទេសដ៏អភ័ព្វមួយចំនួន ដែលត្រូវបានលើកឡើងខាងលើនេះឯង៕