ក្រោយករណីបាញ់ប្រហារស្លាប់ ១៧នាក់នៅរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ សន្យាជាថ្មីថា «នឹងត្រួតពិនិត្យជីវប្រវត្តិ និងសតិអារម្មណ៍អ្នកទិញកាំភ្លើងនានា...»
22-02-2018 10:09
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាយ៉ាងមុតមំាថា នឹងត្រួតពិនិត្យជីវប្រវត្តិ និងបញ្ហាផ្លូវចិត្តរបស់អ្នកទិញកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់មនុស្ស ១៧នាក់ នៅសាលា រៀនមួយកន្លែងក្នុងរដ្ឋផ្លូរីដា កាលពីសប្ដាហ៍មុន ដែលនាំឲ្យកំហឹងពលរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោលឡើង ជុំវិញការគ្រប់គ្រងអាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញការបាញ់ប្រហារនេះដែរ អ្នករស់រានមានជីវិតពីហេតុការណ៍នេះ បាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុង តាឡាហាស់ស៊ី (Tallahassee) នៃរដ្ឋផ្លូរីដា ដើម្បីទាមទារ និងដាក់សម្ពាធឱ្យក្រុមតំណាងរាស្ត្រអាមេរិក ធ្វើកំណែទម្រង់ ក៏ដូចជារឹតបន្តឹងលើច្បាប់គ្រប់គ្រងអាវុធ។ សិស្សសាលាជាង ១០០នាក់ នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើដំណើរទៅដល់ទីក្រុង Tallahassee តែប៉ុន្មានម៉ោង ប៉ុណ្ណោះ ក្រោយក្រុមតំណាងរាស្ត្រប្រចាំរដ្ឋ ច្រានចោលបម្រាមលើការប្រើប្រាស់កាំភ្លើង ដូចដែលខ្មាន់កាំភ្លើងបានប្រើប្រាស់ក្នុងវាយប្រហារនោះ។
គួររំលឹកថា កាលពីសប្ដាហ៍មុន ខ្មាន់កាំភ្លើងឈ្មោះ Nikolas Cruz មានអាយុ ១៩ឆ្នាំ បានបាញ់ប្រហារសម្លាប់មនុស្ស ១៧នាក់ នៅឯវិទ្យាល័យ Marjory Stoneman Douglas នៅឯទីក្រុង Parkland ក្នុងរដ្ឋផ្លូរីដា ហើយដែលនេះគឺជាការបាញ់ប្រហារក្នុងសាលារៀនសម្លាប់មនុស្សច្រើនជាងគេបំផុតទី២ នៅក្នុងប្រវតិ្តសាស្ត្រអាមេរិក។ សាធារណៈមតិជាច្រើន បានទាមទារឲ្យប្រហារជីវិតជនឈ្មោះ Cruz នោះ ទោះបីជារូបគេបានសារភាព និងទទួលកំហុសដែលខ្លួនបានប្រព្រឹត្តក៏ដោយ៕