(អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី បានអានសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ដែលអំពាវនាវឲ្យទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ (ស៊ីរី) អង្គុយចុះចរចាគ្នា ជុំវិញអន្តរាគមន៍យោធាតួកគី ដែលកំពុងប្រព្រឹត្តទៅក្នុងតំបន់ Afrin នៃព្រំដែនស៊ីរីនៅឡើយ ដែលនាំឲ្យមនុស្សជាច្រើនរយនាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្កាន់ បានឲ្យដឹងថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តួកគី និងស៊ីរី គឺនៅតែមានទំនាក់ទំនងគ្នា ប៉ុន្តែនៅក្នុងពេលវេលាដែលអាចធ្វើទៅបាន។ ដោយឡែកកិច្ចចរចាកម្រិតនយោបាយជាន់ខ្ពស់ រវាងទីក្រុងអង់ការ៉ា និងដាម៉ាស់ ដូចជាមិនគួរលើកយកមកនិយាយនោះឡើយ»។ នេះជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ដែលអំពាវនាវឲ្យប្រទេសជិតខាងទាំងពីរ អង្គុយចុះចរចាគ្នា ជុំវិញប្រតិបត្តិការយោធាតួកគី ចូលមកកាន់តំបន់ Afrin ទឹកដីស៊ីរី ដើម្បីកម្ទេចក្រុមឃើដ YPG ដែលទីក្រុងអង់ការ៉ាចោទថា ជាក្រុមភេរវករ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការយោធាតួកគីនៅតំបន់ Afrin នៅតែបន្តនៅឡើយគិតចាប់តាំងពីខែមករាមកម្ល៉េះ ហើយគិតមកទល់នឹងពេលនេះ មនុស្សរាប់រយនាក់ហើយត្រូវបានសម្លាប់ ក្នុងនោះភាគច្រើនបំផុតជាកន្លងកម្លាំងរបស់ក្រុមឃើដ។ មិនត្រឹមតែរុស្ស៊ីទេ ដែលប្រឆាំងនឹងប្រតិបត្តិការនេះ ដោយសូម្បីអាមេរិកក៏បានបង្ហាញជំហរជំទាស់ជាច្រើនដងមកហើយដែរ៕