(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួននឹងផ្ដោតសំខាន់លើកិច្ចចរចាស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិរដូវរងាលើកទី២៣ នៅទីក្រុង PyeongChang បិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ របស់ក្រសួងការបរទេសកូរ៉េខាងត្បូងដាក់ជូនសភាជាតិ កូរ៉េខាងត្បូងនឹងផ្ដោតសំខាន់លើកិច្ច ប្រឹងប្រែងផ្នែកការទូតលើសន្ទុះនៃកិច្ចសន្ទនា បង្កើតឡើងដោយការចូលរួមពីសំណាក់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិក ក្នុងគោលបំណងឆ្ពោះទៅរកការផ្សះផ្សា និងឈានដល់កិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េដោយសន្តិវិធី។
គួររំលឹកថា កូរ៉េខាងជើង ធ្លាប់បានអះអាងជាច្រើនដងថាខ្លួននឹងមិនយកសំណុំរឿងនុយក្លេអ៊ែរទៅពិភាក្សាជាមួយ កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិកជាដាច់ខាត ដារាបណា ទីក្រុងវ៉ាស៊ីនតោនមិនព្រមបោះបង់ចោលគោលនយោបាយប្រឆាំង នឹងទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត របបកុម្មុយនីស្ដមួយនេះក៏បានអះអាងដែរថាអាវុធនុយក្លេអ៊ែររបស់ខ្លួនមាន គោលដៅតែទៅលើសហរដ្ឋអាមេរិកតែមួយគត់ ហើយថាវាគឺជាវិធានការដ៏សំខាន់ក្នុងការចូលរួមចំណែករក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាបង្កើតតុល្យភាពជាមួយអាមេរិក៕