(តេហេរ៉ង់)៖ ក្រុមសង្គ្រោះអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) បានចាប់ផ្តើមប្រើប្រាស់ឧទ្ធម្ភាគចក្រ ដឹកសាកសពមនុស្សជាបន្តបន្ទាប់ ចេញពីជម្រាលភ្នំទឹកកក នៅភាគកណ្តាលឈាងខាងត្បូងប្រទេសនោះហើយ ក្រោយពីយន្តហោះអ៊ីរ៉ង់មួយគ្រឿង បានធ្លាក់នៅទីនោះជាមួយមនុស្សជិះសរុប ៦៥នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយព័ត៌មាន ដកស្រង់ពីបណ្តាញ AFP នាល្ងាចថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ជើងហោះហើរនៃអាកាសចរណ៍អ៊ីរ៉ង់ Aseman EP3704 ត្រូវបានក្រុមសង្គ្រោះអះអាងម្តងទៀតថា គ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះឡើយ ក្រោយយន្តហោះធ្លាក់ រយៈពេលបីថ្ងៃកន្លងទៅនេះ។ ប្រជុំភ្នំ Dena ដែលឧទ្ធម្ភាគចក្រសង្គ្រោះទើបតែទន្ទ្រានចូលទៅដល់នោះ មានរយៈកម្ពស់រហូតដល់ទៅជាង ៤,០០០ម៉ែត្រឯណោះ ហើយវាជាតំបន់ភ្នំព្រិលគ្របដណ្តប់ដ៏ក្រាសក្រែលថែមទៀត។
មេបញ្ជាការដែលដឹកនាំក្រុមសង្គ្រោះខាងលើនេះ គឺលោកឧត្តមសេនីយ Nozar Nemati បានបញ្ជាក់ប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «នៅក្នុងខណៈពេលនេះ យើងនៅតែឃើញមានព្រិលធ្លាក់ខ្លាំង និងខ្យល់បោកយ៉ាងសន្ធប់ ដែលនាំឲ្យយើងពិបាកនៅក្នុងរុករកសាកសពជនរងគ្រោះខ្លាំងណាស់។ យើងអាចសម្រេចចិត្តយកសាកសពដែលយើងឃើញជាមុនសិន រួចកងកុម៉្មង់ដូនឹងដឹកសាកទាំងនោះមកវិញ»។ គិតត្រឹមពេលនេះ សាកសពប្រមាណជា ៣២នាក់ហើយ ត្រូវបានយកចេញពីគំនរព្រិល និងកម្ទេចកម្ទីរយន្តហោះ។
គួររំលឹកថា យន្តហោះប្រភេទ ATR-72 មានជើងហោះហើរលេខ EP3704 ផលិតនៅឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុកជាយន្តហោះវ័យចំណាស់មួយ ទុកសម្រាប់ធ្វើដំណើរតែក្នុងស្រុក ដែលមានរយៈចម្ងាយខ្លីប៉ុណ្ណោះ ហើយវាបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងតេហេរ៉ង់) ដោយបានសម្លាប់មនុស្សទាំងអស់ ៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និងសហសេវិក ០៦នាក់) ដែលពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សជិះនៅលើនោះទាំងអស់មានរហូតដល់ ៦៦នាក់។
ចំណែកឯ កត្តាចម្បងដែលបាននាំឲ្យយន្តហោះធុនមធ្យមរបស់អ៊ីរ៉ង់ ធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនេះ អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ជាចម្បង ដែលមានដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោកខ្លាំងជាដើម។
យន្តហោះ ATR-72 មានគោលដៅពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Yasuj ភាគខាងត្បូងប្រទេសដែលមានចម្ងាយ ហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវាបានធ្លាក់នៅតំបន់ភ្នំ Zagros ដែលមានអាកាសធាតុអាក្រក់ខ្លាំង៕