(ការ៉ាកាស់)៖ វេណេស៊ុយអេឡាបានស្នើឱ្យអង្គការសហប្រជាជាតិ (UN) បញ្ជូនក្រុមអ្នកអង្កេតការរបស់ខ្លួន ដើម្បីមកឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២២ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតវេណេស៊ុយអេឡា លោកស្រី ទីប៊ីសេយ លូសេណា (Tibisay Lucena) សំបុត្រអញ្ជើញជាផ្លូវការ ត្រូវបានប្រគល់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាតូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) កាលពីថ្ងៃអង្គារម្សិលមិញ។ លោកស្រីបន្ថែមថា ក្រុមអ្នកអង្កេតការ UN នឹងមិនមែនជាអ្នកអង្កេតការអន្តរជាតិតែមួយគត់នោះទេ ប៉ុន្តែលោកស្រី ក៏មិនទាន់បានបញ្ជាក់ពីប្រតិភូផ្សេងៗទៀតដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ខណៈក្រុមប្រឆាំងបានជំទាស់ហើយប្រកាសថា ពួកគេនឹងពហិការមិនចូលរួមក្នុងការបោះឆ្នោតនេះ៕