(ម៉ានីល)៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃពុធនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ សេចក្ដីរាយការណ៍ដែលថា ក្រុមស៊ើបការណ៍សំងាត់អាមេរិកបានចាត់ទុក លោក ឌូតឺតេ ជាមេដឹកនាំគំរាមកំហែងដល់លិទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិក ឲ្យដឹងថា លោក ឌូតើតេ ត្រូវបានបញ្ចូលឈ្មោះរួមជាមួយនិង វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា និងរដ្ឋធម្មនុញ្ញ នៃរបបយោធាថៃ ទៅក្នុងបញ្ជីខ្មៅនៃ ការគំរាមកំហែងដល់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនៅក្នុងតំបន់។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យលោក ឌូតឺតេ បានទាត់ចោលរបាយការណ៍នេះ ។ អ្នកនាំពាក្យ លោក ហារី រ៉ូក (Harry Roque) បានកត់សម្គាលដូច្នេះថា «ខ្ញុំមិនគិតថា វាជាការពិតនោះទេ។ គាត់ (លោក ឌូតឺតេ) មិនមែនជាជនផ្ដាច់ការ តែគាត់ជាអ្នកច្បាប់ម្នាក់ គាត់យល់ពីច្បាប់ គាត់ចង់រក្សានីតិរដ្ឋ ហើយគាត់ដឹងយ៉ាង ច្បាស់ពីសិទ្ធិមនុស្ស។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន នៅតែអាចចុះផ្សាយនូវអ្វីដែលពួកគេចង់ផ្សាយ ក្នុងនោះរួមមានទាំងព័ត៌មានមិនពិត រីឯប្រព័ន្ធតុលាការ និងនីតិបញ្ញតិក៏នៅតែដំណើរការធម្មតាដែរ»។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ៤,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនរបស់លោក ឌូតើតេ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦មក។ ម្យ៉ាងវិញទៀត បើទោះជាមានការថ្កោលទោសពីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកក៏ដោយ ក៏មេដឹកនាំមាត់ឆៅរូបនេះ នៅតែអះអាងថា លោកនឹងបន្តសង្រ្គាមប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀនរហូតដល់ទីបំផុត ដើម្បីសន្តិសុខ និងសុភមង្គលរបស់ប្រជាជនហ្វីលីពីន។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានបើក ការត្រួតពិនិត្យជាបឋមលើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀនរបស់ លោក ឌូតឺតេ ហើយ៕