(អាមេរិក)៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានតុលាការរដ្ឋអូក្លាហូម៉ា កាត់ទោស ដាក់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឱកាសស្នើសុំលក្ខខណ្ឌដើម្បីមានការដោះលែងមុនកាលកំណត់ឡើយ ដោយសារតែបានបាញ់សម្លាប់អ្នកជិតខាងរបស់ខ្លួន ដែលជាជនជាតិលីបង់ នៅក្នុងអំពើហិង្សាមួយ ដែលកើតចេញពីភាពស្អប់ខ្ពើមក៏ដូចជាប្រកាន់រើសអើង គ្នាកាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនឈ្មោះ ស្ទេនឡេយ ម៉ាចស (Stanley Majors) វ័យ ៦៣ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានទោសពីបទបាញ់សម្លាប់បុរសម្នាក់ទៀតវ័យ ៣៧ឆ្នាំ ឈ្មោះ Khalid Jabara នៅក្រោយគេហដ្ឋានរបស់បុរសរូបនេះ ដែលស្ថិតក្នុងក្រុង ទូលសា (Tulsa) នៃរដ្ឋអូក្លាហូម៉ា (Oklahoma) កាលពីខែសីហា ឆ្នាំ២០១៦។
គួរជម្រាបថា ចៅក្រមអាមេរិកលោកស្រី ហ្សារ៉ូន ហូលម៉ែស (Sharon Holmes) បានសម្រេចអនុវត្តន៍តាមអនុសាសន៍របស់គណៈវិនិច្ឆ័យ ហើយផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត ដោយគ្មានថ្ងៃផ្តល់ឱកាសឲ្យជនឈ្មោះ Majors ស្នើលក្ខខណ្ឌសុំឲ្យមានការដោះលែង មុនកាលកំណត់ឡើយ៕