(ម៉ាឡេស៊ី)៖ វិចិត្រករម៉ាឡេស៊ី និងជាសកម្មជនម្នាក់ ឈ្មោះលោក ហ្វាមី រ៉េហ្សា (Fahmi Reza) ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេលមួយខែសម្រាប់ការគូសរូបត្លុកកំប្លែងចំអក លោកនាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់ (Najib Razak)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសវនាការនៅភាគខាងជើងទីក្រុង Ipoh លោក Reza ត្រូវបានតុលាការផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេលមួយខែ និងពិន័យជាប្រាក់ប្រមាណជា ៧,៧០០ដុល្លារ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយតុលាការរកឃើញថា លោកបានប្រមាថនៅតាមបណ្ដាញអ៊ីនធើណែត ហើយលោកក៏អាចនឹងប្រឈមមុខនឹងការកាត់ទោសស្រដៀងគ្នានេះ នៅតុលាការផ្សេង ទៀតផងដែរ។ ទោះបីជាយ៉ាងនេះក្ដី មេធាវីរបស់វិចិត្រករវ័យ ៤០ឆ្នាំរូបនេះ បានអះអាងថា លោកមានការខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់តុលាការ ហើយថានឹងប្ដឹងជំទាស់នឹងសាលក្រមនេះ។
គួររំលឹកថា លោក Fahmi Reza ត្រូវបានឃាត់ខ្លួនកាលពីឆ្នាំ២០១៦ ជាមួយនឹងក្រុមសកម្មជន និងមេដឹកនាំប្រឆាំងជាច្រើននាក់ នៅអំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក Najib ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយ តាមរយៈការទទួលប្រាក់រាប់លានដុល្លារ ពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត៕