(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា-អវកាសឯកជន SpaceX កំពុងគ្រោងបាញ់បង្ហោះផ្កាយរណបសាកល្បងទីមួយរបស់ខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) សម្រាប់គ្រោងបង្កើតបណ្តាញអ៊ីនធើណែតក្នុងទីអវកាស ខណៈក្រុមហ៊ុនពោរពេញដោយមហិច្ឆតាមួយនេះមានផែនការថា នឹងធ្វើយ៉ាងណាបំពាក់ផ្កាយរណបខ្នាតតូចរាប់ពាន់គ្រឿង នៅក្នុងលំហ ដើម្បីផ្តល់សេវាអ៊ីនធើណែតទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
SpaceX បានកំណត់ថា នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយ ចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក Vandenberg នៃរដ្ឋកាលីហ្វរញ៉ា នៅវេលាម៉ោង ៦៖១៧នាទីព្រឹក ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ បេសកកម្មចម្បងនៃការបាញ់បង្ហោះនេះ គឺដើម្បីបញ្ជូនផ្កាយរណបតាមដានមួយគ្រឿងហៅថា PAZ សម្រាប់រដ្ឋាភិបាលអេស៉្បាញ។
ដោយឡែក PAZ នឹងមិនធ្វើដំណើរនៅលើរ៉ុក្កែតអាចប្រើប្រាស់ឡើងវិញ Falcon 9 តែឯងឡើយ ដោយនៅលើនោះ ក៏នឹងមានវត្តមាននៃផ្កាយរណបអ៊ីនធើណែតខ្នាតតូច ០២គ្រឿង គឺ Microsat-2a និង Microsat-2b ដែលជាជំហានធំទីមួយ នៅក្នុងគម្រោងរយៈពេលយូរ របស់ក្រុមហ៊ុន SpaceX សំដៅបង្កើតប្រព័ន្ធបណ្តាញអ៊ីនធើណែតនៅទីអវកាស នៅក្នុងអំឡុង ១០ឆ្នាំខាងមុខ។
គួរជម្រាបថា SpaceX ចង់បង្កើតចង្កោមផ្កាយរណបអ៊ីនធើណែត ក្នុងទីអវកាសដ៏ធំមួយ ដែលនឹងធ្វើគោចរ ក្នុងចលនាស៊ីសង្វាក់នៅលើផែនដី ហើយផ្តល់ការតភ្ជាប់នៃប្រព័ន្ធអ៊ីនធើណែត មកកាន់អង់តែនទទួលសញ្ញា ដែលដាក់ពង្រាយនៅជុំវិញផ្ទៃនៃភពរបស់យើង ហើយវាជាបច្ចេកវិទ្យាថ្មី និងមានលទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវារហ័ស៕