(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus បានប្រគល់ជាលើកដំបូងនូវ Airbus A350-1000 ដែលជាប្រភេទយន្ដហោះវែងជាងគេបំផុត របស់ក្រុមហ៊ុនមួយដល់ក្រុមហ៊ុន Qatar Airways នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅអំឡុងពីធីមួយក្នុងទីក្រុង Toulouse ប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Airbus បានគូសបញ្ជាក់ដូច្នេះថា «វាគឺជាការប្រគល់លើកដំបូងបំផុត នៃយន្ដហោះ A350-1000 ៣៧គ្រឿង ដែលត្រូវបានបញ្ជាទិញដោយក្រុមហ៊ុន Qatar Airways »។ លើសពីនេះទៅ ទៀតក្រុមហ៊ុន Qatar Airways ក៏បានអះអាងដែរថា នេះក៏ជាលើកដំបូងផងដែរ ដែលក្រុមហ៊ុននឹងដំណើរការយន្ដហោះប្រភេទនេះ ហើយវាអាចនឹងជួយឱ្យក្រុមហ៊ុន ក្លាយជាអ្នកឈានមុខគេក្នុងវិស័យអាកាសចរណ៍។
គួរបញ្ជាក់ថា មានប្រវែង ៧៤ម៉ែត្រ Airbus A350-1000 គឺជាប្រភេទយន្ដហោះវែងជាងគេបំផុតរបស់ក្រុមហ៊ុន Airbus ដោយប្រើប្រាស់ម៉ាស៊ីន Rolls Royce ព្រមទាំងមានកៅអីសរុបចំនួន ៣៣៦ សម្រាប់អ្នកដំណើរ។ យន្ដហោះប្រភេទនេះ ជាធម្មតាមានតម្លៃ ៣៣៦.៥លានដុល្លារក្នុងមួយគ្រឿង៕