(ញូយ៉ក)៖ តំណាងពិសេសអង្គការសហប្រជាជាតិ សម្រាប់ប្រទេសអ៊ីរ៉ាក់ លោក ចេន គូប៊ីស (Jan Kubis) បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបោះឆ្នោតសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Jan Kubis ថ្លែងបែបនេះ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ តំណាងពិសេសរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ការបោះឆ្នោតគួរឱ្យទុកចិត្ត និងអាចទទួលយកបាន ជាមួយការចូលរួមក្នុងកំរិតខ្ពស់ ក្នុងនោះរួមមានទាំងតំបន់រំដោះ និងតំបន់ឃើដអ៊ីរ៉ាក់ ក៏ដូចជាវិធានការសម្រួលដល់ការចូលរួមរបស់ស្ត្រី នឹងផ្ដល់អំណាចដល់រដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី ក្នុងការធ្វើកំនែទម្រង់ លើកម្ពស់ការផ្សះផ្សាជាតិ និងគ្រប់ក្រុមទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់»។
គួរជំរាបថា បើតាមលោក Jan Kubis គណៈកម្មធិការបោះឆ្នោតអ៊ីរ៉ាក់ បានចុះឈ្មោះគណបក្សនយោបាយចំនួន ២០៥ និងក្រុមចំរុះនយោបាយ ២៧ សម្រាប់ចូលរួមក្នុងការបោះឆ្នោត៕