(អ៊ីរ៉ង់) ៖ ហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ បណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះត្រូវបាត់បង់ជីវិត។ ខាងក្រោមនេះជាព័ត៌មានលម្អិតសំខាន់ៗ ជុំវិញសោកនាដកម្មធ្លាក់យន្តហោះ ដែលជាករណីធំមួយប្រចាំដើមឆ្នាំ២០១៨នេះ ក្នុងប្រទេសអ៊ីរ៉ង់៖
* ទីតាំង ពេលវេលា និងហេតុការណ៍ធ្លាក់យន្តហោះ
យន្តហោះរងគ្រោះបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។ យន្តហោះនេះមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Yasuj ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលមានចម្ងាយហោះហើរប្រវែង ៧៨០គីឡូម៉ែត្រ។ ជាអកុសល្យ បន្ទាប់ពីហោះហើរទើបតែ ៥០នាទី វាបានធ្លាក់នៅតំបន់ភ្នំ Dena ដែលមានកម្ពស់ ៤.៤០០ម៉ែត្រ ដែលស្ថិតនៅក្បែរគោលដៅដែលយន្តហោះត្រូវចុះចត។
យន្តហោះនេះមានជើងហោះហើរលេខ EP3704 បានបាត់ដំណឹងចេញពីប្រព័ន្ធរ៉ាដា ក្នុងរយៈពេល ៥០នាទី បន្ទាប់ពីចាប់ផ្តើមហោះហើរ។ គួររំឮកថា តាមរយៈអ្នកធ្លាប់ធ្វើដំណើរលើយន្តហោះនេះ កាលពីពេលថ្មីៗនេះ បានបង្ហាញវីដេអូថតពីលើយន្តហោះ ដែលបង្ហាញថា យន្តហោះហើរកៀកនឹងកំពូលភ្នំមែនទែន។ តាមអ្នកជំនាញបានព្រមានថា អ្នកបើកបរយន្តហោះត្រូវរក្សាកម្ពស់ក្នុងការបើកបរយ៉ាងហោចណាស់ ១៥,០០០ហ្វីតពីដី (ជាង ៤,៥០០ម៉ែត្រ)។
* ចំនួនជនរងគ្រោះ
នៅលើយន្តហោះនេះ មានមនុស្សសរុបចំនួន ៦៥នាក់ ក្នុងនោះអ្នកដំណើរ ៥៩នាក់ និងសហសេវិក ០៦នាក់ ត្រូវស្លាប់បាត់បង់ជីវិតទាំងអស់ គ្មានអ្នកណាម្នាក់នៅរស់រាននោះឡើយ។ បុរសម្នាក់បានថ្លែងជាមួយនឹងសំបុត្រយន្តហោះបញ្ជាក់ថា លោកពិតជាមានសំណាងដែលបានខកជើងហោះហើរនេះ ប៉ុន្តែលោកមានក្តីសោកស្តាយជាខ្លាំង សម្រាប់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់នេះ។ ដោយឡែកស្ត្រីម្នាក់បានលើកឡើងថា លោកស្រីហាក់មិនជឿថា ហេតុការណ៍នេះជារឿងពិតនោះឡើយ ដោយបញ្ជាក់ថា ស្វាមីរបស់លោកស្រីជាម្នាក់ក្នុងចំណោមជនរងគ្រោះ នៅលើយន្តហោះ។
* មូលហេតុធ្លាក់
មូលហេតុចម្បងដែលបាននាំឲ្យយន្តហោះនេះ ធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេស បណ្តាលមកពីកត្តាអាកាសធាតុមិនអំណោយផល ដោយសារមានចុះអ័ព្ទ ធ្លាក់ព្រិល ព្រមទាំងខ្យល់បក់បោកខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានABC NEWS ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
* ប្រតិបត្តិការជួយសង្គ្រោះ និងសាររំលែកទុក្ខ
យោងតាមប្រធានក្រុមអ្នកជួយសង្រ្គោះ លោក ម៉ូតេហ្សា សាលីមី (Morteza Salimi) បានឱ្យដឹងថា បំណែកយន្ដហោះ ត្រូវបានគេប្រទះឃើញនៅក្បែរភូមិ ណូហ្គោល (Nogol) នៃតំបន់ភ្នំ ដេណា (Dena) នាព្រឹកថ្ងៃអង្គារនេះ តែជាអកុសលអាកាសធាតុមិនអំណោយផលទាល់តែសោះ ដែលបង្កការលំបាកដល់ការងារជួយសង្គ្រោះ។
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ ខាមេណៃ និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី បានសម្តែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចេញបញ្ជាឲ្យក្រុមសង្គ្រោះ ទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលយកសាកសពជន ត្រឡប់មកវិញ និងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការធ្លាក់យន្តហោះ។ ជាមួយគ្នានេះដែរ ក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ក៏បានបញ្ជូនកម្លាំងទៅកាន់ទីតាំងកើតហេតុផងដែរ។
* ប្រភេទយន្តហោះ
យន្តហោះនេះ ជាប្រភេទ ATR-72 មានជើងហោះហើរលេខ EP3704 ត្រូវបានផលិតឡើងនៅឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុកជាយន្តហោះចំណាស់មួយ ម៉ាស៊ីនពីរទុកសម្រាប់ធ្វើដំណើរតែក្នុងស្រុក ដែលមានរយៈចម្ងាយខ្លីប៉ុណ្ណោះ ។ យន្តហោះនេះជាកម្មសិទ្ធិ នៃក្រុមហ៊ុនអាកាសចរណ៍ Amseman Airlines ដែលទើបដំណើរការបាន ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ បន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ០៧ឆ្នាំ ក្រោយរងការដាក់ទណ្ឌកម្ម ពីសំណាក់បណ្តាប្រទេសលោកខាងលិច ជាការឆ្លើយតបនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់យន្តហោះ សម្រាប់ជួសជុលយន្តហោះឡើយ។
ក្រោយមកប្រទេសអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងក្នុងតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះថ្មី។ យ៉ាងនេះក្តី ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធដោយមិនទទួលស្គាល់កិច្ចព្រមព្រៀងនេះ ព្រមទាំងបដិសេធមិនលក់យន្តហោះឱ្យអ៊ីរ៉ង់ ហេតុនេះទើបអ៊ីរ៉ង់បង្ខំចិត្តហោះហើរដោយប្រើប្រាស់យន្តហោះចាស់ៗ។
ក្រុមហ៊ុនអាកាចរណ៍ Aseman Airlines ជាក្រុមហ៊ុនរបស់អ៊ីរ៉ង់មានទីស្នាក់ការក្នុងទីក្រុង តេអ៊ីរ៉ង់ ដែលក្តោបក្តាប់ទៅលើការហោះហើរ ទៅកាន់តំបន់ដាច់ស្រយាលទូទាំងប្រទេស។ ក្រុមហ៊ុននេះក៏មានសេវាកម្មហោះហើរ ទៅក្រៅប្រទេសផងដែរ។ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យហោះហើរទៅអឺរ៉ុបឡើយ ដោយបារម្ភចំពោះបញ្ហាសុវត្ថិភាព។ វាជាក្រុមហ៊ុនអាកាសចរណ៍ ធំជាងគេទីបីនៅអ៊ីរ៉ង់។
* ប្រវត្តិនៃការធ្លាក់
ប្រទេសអ៊ីរ៉ង់ ធ្លាប់បានរងគ្រោះដោយសារគ្រោះថ្នាក់ធ្លាក់យន្ហហោះជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ហេតុការណ៍ធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរចុងក្រោយបំផុត បានកើតឡើងកាលពីខែមករា ឆ្នាំ២០១១ កន្លងទៅនេះ បន្ទាប់ពីយន្តហោះអ៊ីរ៉ង់ Air Boeing 727 បានផ្ទុះក្លាយជាបំណែក ខណៈព្យាយាមចុះចតជាបន្ទាន់ នៅពេលដែលជួបហេតុការណ៍ព្យុះព្រិល ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមនុស្ស ៧៧នាក់ ស្លាប់បាត់បង់ជីវិត។
ដោយឡែកនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៣ កន្លងទៅនេះ យន្តហោះអ៊ីរ៉ង់ជាមួយនឹងអ្នកដំណើរ ១៣២នាក់ នៅលើយន្ហហោះ បានបុកជាមួយន្តហោះទ័ពអាកាសមួយគ្រឿងទៀត បន្ទាប់ពីហោះហើរ ចេញពីអាកាសយានដ្ឋានក្នុងទីក្រុងតេអ៊ីរ៉ង់ បណ្តាលឱ្យមនុស្សទាំងអស់ក្នុងយន្តហោះទាំងពីរ ត្រូវស្លាប់បាត់បង់ជីវិត៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា