(នីហ្សេរីយ៉ា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានទទួលរងការខូចខាតបន្តិចបន្តួច នាយប់ថ្ងៃអង្គារម្សិលមិញ ក្រោយពីបានរអិលចេញពីផ្លូវយន្តហោះនៅក្នុងទីក្រុង ផត ហាខួត (Port Harcourt) ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា ប៉ុន្តែសំណាងល្អមនុស្សទាំងប៉ុន្មានដែលជិះនៅលើនោះពុំបានគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកនាំពាក្យនៃអាជ្ញាធរសហព័ន្ធអាកាសយានដ្ឋាននីហ្សេរីយ៉ា បានឲ្យដឹងថា យន្តហោះខាងលើ ដែលមានផ្ទុកមនុស្ស ៤៩នាក់ នៅពេលហេតុការណ៍នេះបានកើតឡើង គឺជារបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឈ្មោះ Dana Air ហើយឧប្បត្តិហេតុនេះ ត្រូវបានគេដាក់ការសង្ស័យថា ប្រហែលជាបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង អមជាមួយកម្លាំងខ្យល់បក់សន្ធប់ៗ និងព្យុះថែមទៀត។
គួរជម្រាបថា យន្តហោះរបស់អាកាសចរណ៍ Dana Air បានហោះមកទីក្រុង Port Harcourt ដោយចេញពីរដ្ឋធានី Abuja នៃប្រទេសនីហ្សេរីយ៉ា ហើយក្រោយពេលកើតហេតុ មនុស្សទាំងអស់ត្រូវបានជម្លៀសខ្លួនដោយសុវត្ថិភាព។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ Dana Air បានធ្លាក់ចំតំបន់មានមនុស្សរស់នៅច្រើនក្នុងទីក្រុង Lagos ដែលជាលទ្ធផលបានផ្តាច់ជីវិតមនុស្ស ១៥៣នាក់ ជិះនៅលើនោះ និង ៤០នាក់ផ្សេងទៀត នៅក្នុងអគារកម្ពស់ពីរជាន់មួយខ្នង ដែលយន្តហោះនោះបានបុកចំ៕