(វ៉ាស៊ីនតោន)៖ ចិនបានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះវិធានការគាំពារនិយមរបស់សហរដ្ឋអាមេរិក ជុំវិញពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូ។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានព្រមានដែរថា ខ្លួននឹងមិនឈរឱបដៃមើលឡើយ ហើយថានឹងចាត់វិធានការឆ្លើយតបវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះដែរ ក្រសួងពាណិជ្ជកម្មចិន បានចាត់ទុកថា វិធានការលើពន្ធនាំចូលស្នើឡើងដោយសហរដ្ឋអាមេរិក លើផលិតផលដែកថែប និងអាលុយមីញ៉ូម គឺគ្មានមូលដ្ឋានគ្រប់គ្រាន់ ហើយថា ទីក្រុងប៉េកាំងនឹងរក្សាសិទ្ធិចាត់វិធានការសងសឹកវិញ។ «បើសិនជាសហរដ្ឋអាមេរិក សម្រេចចិត្តចុងក្រោយពាក់ព័ន្ធនឹងចិន នោះចិននឹងចាត់វិធានការចំាបាច់នានា ដើម្បីសិទ្ធិរបស់ខ្លួន»។ នេះគឺជាការលើកឡើងរបស់លោក Wang Hejun ជាប្រធានការិយាល័យស៊ើបអង្កេត និងទទួលពាក្យបណ្ដឹងនៃក្រសួងពាណិជ្ជកម្មចិន។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានប្រកាសថា សហរដ្ឋអាមេរិក អាចនឹងតម្លើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមយ៉ាងហោច ណាស់២៤ភាគរយ៕