(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានចេញមកព្រមានរដ្ឋាភិបាលស៊ីរី ជុំវិញការបញ្ជូនកងទ័ពស៊ីរី ទៅក្នុងតំបន់ Afrin ដើម្បីជួយក្រុមសកម្មប្រយុទ្ធឃើដ ដែលទីក្រុងអង់ការ៉ា បាននិងកំពុងបន្តប្រតិបត្តិការយោធាយ៉ាងក្តៅគគុក ដើម្បីបោសសម្អាតចោលនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ឧបនាយករដ្ឋមន្រ្តីតួកគី និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក Bekir Bozdag បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ ក្នុងរដ្ឋធានីអង់ការ៉ាថា ការសម្រេចចិត្តណាមួយ ដោយរដ្ឋាភិបាលស៊ីរី ដើម្បីបញ្ជូនកម្លាំងយោធា ទៅកាន់ទីក្រុង Afrin នឹងជាការបើកដៃឲ្យស៊ីរីមានការបែកបាក់ ហើយនឹងបង្កជាគ្រោះមហន្តរាយផ្សេងៗនៅក្នុងតំបន់។
នាដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusolgu ក៏បានព្រមានទីក្រុងដាម៉ាស់ផងដែរ ដោយប្រមុខការទូតតួកគីរូបនេះ បានបញ្ជាក់ថា ប្រសិនបើកងទ័ពស៊ីរី ហ៊ានលូកដៃចូលមកការពារក្រុមអ្នកប្រយុទ្ធឃើដ YPG ម្ល៉ោះហើយពុំមានអ្វីមួយឬក៏នរណាម្នាក់ អាចបញ្ឈប់កងទ័ពរបស់តួកគីបានឡើយ។
ម៉្យាងវិញទៀត ប្រធានាធិបតីតួកគី លោក Reccep Tayyip Erdogan ក៏បានជួបពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងសមភាគីអ៊ីរ៉ង់លោក Hassan Rouhani ដើម្បីព្រមានប្រឆាំងនឹងទង្វើដូចគ្នាផងដែរ (ការបញ្ជូនទ័ពមកជួយក្រុមឃើដ)។
គួរជម្រាបថា ក្រុម YPG ត្រូវទីក្រុងអង់ការ៉ា ចាត់ទុកជាបណ្តាញប្រចាំនៅស៊ីរីរបស់គណបក្សពលករ PKK ដែលជាអង្គការភេរវកម្មមួយ នៅក្នុងបញ្ជីរបស់តួកគី។ តួកគី បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ចូលក្នុងតំបន់ Afrin ភាគខាងជើងស៊ីរី ដើម្បីវាយកម្ទេចក្រុមអ្នកប្រយុទ្ធ YPG៕